បាត់ដំបង៖ ប្រជាពលរដ្ឋចំនួន ១,០០៦គ្រួសារ នៅភូមិអង្គ្រង និងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុប ២,៦៦១ប័ណ្ណ ក្នុងពិធីដែលដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានណែនាំឱ្យប្រជាពលរដ្ឋថែរក្សាប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានល្អ និងជៀសវាងការលក់ដី ដោយលើកទឹកចិត្តឱ្យរក្សាទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ។

លោកក៏បានបញ្ជាក់ថា គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលទទួលស្គាល់ដោយក្រសួងផែនការ ត្រូវបានលើកលែងការបង់សេវាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ខណៈគ្រួសារទូទៅត្រូវបង់សេវាតាមអត្រាកំណត់សម្រាប់ដីកសិកម្ម និងដីសាងសង់។

ជាមួយគ្នានេះ លោក សុខ លូ បានអំពាវនាវឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋរួមគ្នាដាំដើមឈើបន្ថែម ដើម្បីបង្កើនភាពបៃតង និងការពារបរិស្ថាន ព្រមទាំងជំរុញឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈឆ្នាំនេះរងឥទ្ធិពលបាតុភូតអែលនីញ៉ូ ដែលបង្កឱ្យអាកាសធាតុក្តៅ និងទឹកភ្លៀងមានកម្រិតទាប។

លោកក៏បានស្នើសុំការយោគយល់ពីប្រជាកសិករ ចំពោះការផ្គត់ផ្គង់ទឹកស្រោចស្រពដែលមានកម្រិត ដើម្បីរក្សាទុកប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខាងមុខ។

Share.