ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស។


ផ្អែកតាមរបាយការណ៍លទ្ធផលអនុវត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៦ខែ ដោយបង្ហាញពីការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តយុទ្ធនាការទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ណែនាំឱ្យបន្តពង្រឹងការងារ ដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហ្មត់ចត់ និងត្រឹមត្រូវ ដើម្បីលើកកម្ពស់គុណភាពសេវាយុត្តិធម៌ និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជន។
ក្នុងឱកាសនោះដែរ ឯកឧត្តម កើត រិទ្ធ បានណែនាំឱ្យបន្តយកចិត្តទុកដាក់លើសំណុំរឿងអាទិភាពសំខាន់ៗ រួមមាន អត្រានុកូលដ្ឋាន គ្រោះថ្នាក់ចរាចរណ៍ ក្មេងទំនើង គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ កណ្ដាល

