ភ្នំពេញ៖ គ្រឿងញៀន និងសារធាតុគីមីទម្ងន់សរុប ២៨ ៩៨៦ ៥៨៣,៣០ ក្រាម ស្មើប្រមាណ ២៨,៩៨ តោន ដែលត្រូវបានរឹបអូសដោយសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រមូលយកទៅដុតបំផ្លាញចោល ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។





ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។
គ្រឿងញៀន និងសារធាតុគីមីដែលត្រូវបានដុតបំផ្លាញ រួមមាន គ្រឿងញៀនទម្ងន់ ៤ ៦១១ ៨២១,៦៦ ក្រាម ស្មើ ៤,៦១ តោន និងសារធាតុគីមីទម្ងន់ ២៣ ៣៦៤ ៤៥៤ ក្រាម ស្មើ ២៣,៣៦ តោន។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា ការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងចូលរួមកសាងសង្គមមួយដែលគ្មានបញ្ហាគ្រឿងញៀនជាឧបសគ្គ។
ឯកឧត្តម បានអំពាវនាវដល់យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមការពារសមាជិកគ្រួសារ និងសហគមន៍ ពីការពាក់ព័ន្ធគ្រឿងញៀន ដើម្បីរួមចំណែកទប់ស្កាត់បទល្មើស និងជួយសង្គ្រោះអ្នករងផលប៉ះពាល់ ជាពិសេសយុវជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា បទល្មើសគ្រឿងញៀននាពេលបច្ចុប្បន្ន មានការប្រែប្រួលស្មុគស្មាញជាងមុន ដោយបានភ្ជាប់ជាមួយឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ ការជួញដូរមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងបណ្តាញឧក្រិដ្ឋកម្ម ដែលទាមទារឱ្យមានការចូលរួមប្រយុទ្ធប្រឆាំងពីគ្រប់ភាគីពាក់ព័ន្ធ៕
អត្ថបទ៖ ចតុម្មុខ

