ចក្រភពអង់គ្លេសបានបើកទំព័រប្រវត្តិសាស្ត្រនយោបាយថ្មីមួយ ខណៈលោក អែនឌី ប៊ឺនហែម (Andy Burnham) បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក ស៊ើ គៀ ស្តាមើ (Sir Keir Starmer)។ ទោះបីជាឈ្មោះរបស់លោកប្រហែលជាមិនទាន់ស្គាល់ច្រើននៅក្រៅប្រទេស ប៉ុន្តែនៅក្នុងចក្រភពអង់គ្លេស លោកត្រូវបានគេទទួលស្គាល់ថាជាអ្នកនយោបាយដែលមានមូលដ្ឋានគាំទ្រយ៉ាងរឹងមាំ និងជាតំណាងឱ្យប្រជាជនថ្នាក់កណ្តាល និងវណ្ណៈពលករនៅភាគខាងជើងនៃប្រទេសអង់គ្លេសជាយូរមកហើយ។

លោក ប៊ឺនហែម វ័យ ៥៦ ឆ្នាំ កើត និងធំធាត់នៅភាគខាងជើងនៃប្រទេសអង់គ្លេស មុនពេលបន្តការសិក្សាផ្នែកអក្សរសាស្ត្រអង់គ្លេសនៅសកលវិទ្យាល័យ ខេមប្រ៊ីជ (Cambridge) ដែលជាស្ថាប័នអប់រំសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់។ អតីតសាស្ត្រាចារ្យរបស់លោកបានរំឭកថា លោកតែងតែពាក់អាវបាល់ទាត់មកសិក្សា ដែលជារឿងមិនសូវប្រទះឃើញឡើយនៅក្នុងមហាវិទ្យាល័យនេះ។ អាវបាល់ទាត់ដែលលោកពាក់បានឆ្លុះបញ្ចាំងពីអត្តសញ្ញាណវណ្ណៈពលករ ដែលក្រោយមកបានក្លាយជាចំណុចលេចធ្លោខាងនយោបាយរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញា ម៉ារី-ហ្វ្រង់ស៊ីស វ៉ាន់ ហ៊ីល (Marie-France van Heel) ជនជាតិហុល្លង់ ដែលជាអតីតនិស្សិតដ៏ឆ្នើមម្នាក់នៅទីនោះ។
ប្រវត្តិរូបផ្ទាល់ខ្លួន និងបទពិសោធន៍ក្នុងនាមជាអភិបាលក្រុង ហ្គ្រែតធើ ម៉ានឆេស្ទើ (Greater Manchester) មានឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយថ្នាក់ជាតិរបស់លោក។ ក្រុមអ្នកវិភាគមើលឃើញថា ប្រវត្តិរូបនេះអាចជួយឱ្យគណបក្សពលករ (Labour Party) ទាញយកសំឡេងឆ្នោតពីក្រុមពលករដែលងាកទៅគាំទ្រគណបក្សស្តាំនិយមឱ្យត្រឡប់មកវិញ។ លោក ប៊ឺនហែម បានបញ្ជាក់ថា លោកចង់ធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យគណបក្សពលករក្លាយជាគណបក្សដែលប្រជាជនទុកចិត្ត និងឈរនៅខាងអ្នកធ្វើការម្តងទៀត។
កាលនៅជាសមាជិកសភា លោក ប៊ឹនហែម ធ្លាប់ឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានគណបក្សពលករចំនួន ២ ដង ប៉ុន្តែត្រូវបរាជ័យ។ បន្ទាប់ពីធ្វើការក្នុងសភារយៈពេល ១៦ ឆ្នាំ លោកបានលាលែងពីតំណែង ហើយត្រឡប់ទៅភាគខាងជើងវិញ រួចឈ្នះការបោះឆ្នោតជាអភិបាលក្រុង ហ្គ្រែតធើ ម៉ានឆេស្ទើ ក្នុងឆ្នាំ ២០១៧។ លោកបានកែប្រែរូបភាពភាពទ្រុឌទ្រោមនៃទីក្រុងឧស្សាហកម្មចាស់ ជំរុញសេវាឡានក្រុងមកក្រោមការគ្រប់គ្រងរបស់ទីក្រុង និងបញ្ចុះបញ្ចូលរដ្ឋាភិបាលកណ្តាលឱ្យផ្ទេរអំណាចផ្នែកអប់រំ និងលំនៅដ្ឋានមកឱ្យទីក្រុងបន្ថែមទៀត។
បច្ចុប្បន្ន ក្រុងម៉ានឆេស្ទើ បានប្រែក្លាយជាមជ្ឈមណ្ឌលសិល្បៈ អគារខ្ពស់ៗ និងជាទីក្រុងដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយក្នុងប្រទេស។ លោក ប៊ឺនហែម បានស្នើគំនិត “លទ្ធិម៉ានឆេស្ទើ” (Manchesterism) ជាគំរូកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងមូល ដោយប្រមូលផ្តុំប្រជាជនបង្កើតការផ្លាស់ប្តូរ វិមជ្ឈការអំណាចពីរដ្ឋាភិបាលកណ្តាល និងបើកការិយាល័យនាយករដ្ឋមន្ត្រីនៅភាគខាងជើង។ លោកបានប្តេជ្ញាកាត់បន្ថយពន្ធអាជីវកម្មរាយ បង្កើតលំនៅដ្ឋានសាធារណៈច្រើនបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ និងកាត់បន្ថយចំណាយលើស លើWelfare ដោយវិធីសាស្ត្រដែលមានយុត្តិធម៌។ ក្រៅពីនយោបាយ លោកក៏ជា DJ ក្នុងវង់តន្ត្រី Indie របស់ទីក្រុងផងដែរ។


ចំណុចរបត់សំខាន់របស់លោកបានកើតឡើងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០ នៅពេលលោកបានចេញមុខតវ៉ាយ៉ាងក្តៅគគុកប្រឆាំងនឹងវិធានការបិទខ្ទប់ (Lockdown) របស់រដ្ឋាភិបាលកណ្តាល ដែលលោកយល់ថាអយុត្តិធម៌ និងប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកមានប្រាក់ចំណូលទាប។ ការចេញមុខការពារប្រជាជនក្នុងស្រុកនេះ បានធ្វើឱ្យលោកក្លាយជានិមិត្តរូបថ្នាក់ជាតិ និងជាផ្លូវបង្ហាញឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រី។

ទោះជាយ៉ាងណា ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី លោកត្រូវប្រឈមមុខនឹងបញ្ហាធំៗជាច្រើនដូចជា កំណើនសេដ្ឋកិច្ចទាប តម្លៃថាមពលខ្ពស់ តម្រូវការថវិកាការពារជាតិក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។

មនុស្សជាច្រើនកំពុងរងចាំមើលការងាររបស់លោកតួនាទីថ្មីជានាយករដ្ឋមន្ត្រី ព្រោះការគ្រប់គ្រងប្រទេសពិតជាខុសប្លែកពីការគ្រប់គ្រងត្រឹមទីក្រុងមួយ ហើយនេះជាអ្វីដែលលោកត្រូវរៀនសូត្រ និងកែសម្រួលខ្លួនយ៉ាងឆាប់រហ័ស៕
ប្រភព៖ National Public Radio

