កំពង់ចាម៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបបទល្មើសនេសាទ ១ករណី នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយរឹបអូស និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបឹងប្រឆេះ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពីអាជ្ញាធរស្រុក រដ្ឋបាលឃុំខ្ពបតាងួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងសហគមន៍នេសាទខ្ពបតាងួន។

មន្ត្រីជំនាញជលផល បានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីទប់ស្កាត់បទល្មើសនេសាទ និងការពារធនធានជលផលក្នុងតំបន់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូស និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទខុសច្បាប់ រួមមាន លូស្បៃមុងចំនួន១៥មាត់ របាំងស្បៃមុងប្រវែង៤៥០ម៉ែត្រ និងបង្គោលចំនួន២២៥ដើម។

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានជួយសង្គ្រោះ និងចាក់លែងកូនត្រីចម្រុះទម្ងន់៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ដើម្បីបន្តការពារ និងបង្កើនធនធានមច្ឆជាតិ៕

Share.