ក្នុងជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីពង្រីកទីផ្សារកសិផលកម្ពុជា និងពង្រឹងសន្តិសុខស្បៀងក្នុងតំបន់អាស៊ាន កម្ពុជា និងហ្វីលីពីនបានស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្ម ដោយផ្តោតសំខាន់លើការរុញច្រានការនាំចេញអង្ករ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានធ្វើឡើងតាមរយៈ «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម» ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន។
វេទិកាកម្រិតខ្ពស់មួយនេះបានទាក់ទាញក្រុមហ៊ុនឯកជនឈានមុខមកពីប្រទេសទាំងពីរចំនួនប្រមាណ ៣៣ ក្រុមហ៊ុន ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងរកឱកាសវិនិយោគរួមគ្នា។ របៀបវារៈសំខាន់ៗនៃជំនួបនេះ រួមមាន៖
ការពិភាក្សាលើលទ្ធភាពនៃការផ្គត់ផ្គង់ និងនាំចេញអង្ករបន្ថែមពីកម្ពុជាទៅបំពេញតម្រូវការទីផ្សារហ្វីលីពីន ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វពីកម្ពុជា និងកិច្ចសហការលើការផ្គត់ផ្គង់ជីកសិកម្មទៅវិញទៅមក ដើម្បីធានាបាននូវថ្លៃដើម និងនិរន្តរភាពនៃការផលិតនៃប្រទេសទាំងពីរ។

យ៉ាងណាមិញព្រឹត្តិការណ៍នេះគឺជាសមិទ្ធផលផ្លែផ្កាថ្មីមួយទៀតនៃទំនាក់ទំនងទ្វេភាគី ដែលមិនត្រឹមតែជួយដោះស្រាយបញ្ហាសន្តិសុខស្បៀងជូនប្រជាជាតិនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ដល់ប្រជាកសិករកម្ពុជា តាមរយៈការបង្កើតច្រកចេញទីផ្សារដ៏រឹងមាំ និងមានស្ថិរភាព។
សូមជម្រាបថា ការបើកទូលាយទីផ្សារហ្វីលីពីនសម្រាប់កសិផលកម្ពុជា រំពឹងថានឹងក្លាយជាកាតាលីករជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យហក់ឡើងមួយកម្រិតទៀត។ ខណៈដែលហ្វីលីពីនជាប្រទេសដែលមានតម្រូវការនាំចូលស្បៀងខ្ពស់ កម្ពុជាត្រូវបានមើលឃើញថាជា «ជម្រុកស្រូវ និងប្រភពកសិផល» ដ៏មានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ក្នុងតំបន់។
កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន នាពេលនេះ មិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃពាណិជ្ជកម្មកសិកម្មរវាងរាធានីភ្នំពេញ និងទីក្រុងម៉ានីលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាណវិជ្ជមានយ៉ាងខ្លាំងសម្រាប់អ្នកវិនិយោគ និងកសិករកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់គុណភាព និងស្តង់ដារផលិតផលកម្ពុជាលើឆាកអន្តរជាតិ៕

