ព្រះសីហនុ ៖ សាកសពបុរសម្នាក់ដែលគេស្គាល់ថាជា បុរសម្នាក់ចុះបាញ់ត្រីក្នុងសមុទ្រក្រោមស្ពានកោះពស់ ក្រុងព្រះសីហនុ ហើយបានបាត់ខ្លួន តាំងពីវេលាម៉ោង១១យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។


កម្លាំងសមត្ថកិច្ច ក្រុមគ្រួសារស្វែងរក ចុះរាវក្នុងទឹកក៏មិនឃើញ ទើបតែនៅវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រជានេសាទ ប្រទះឃើញស្លាប់អណ្តែតទឹក នៅក្បែរស្ពានអូរត្រះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ជនរងគ្រោះមានឈ្មោះ ផែន សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកលក់ផ្លែឈើ រស់នៅក្រុងព្រះសីហនុ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ជនរងគ្រោះបានប្រាប់ប្រពន្ធ ថាទៅរកស្ទូច បាញ់ត្រីរួមជាមួយមិត្តភក្តិ២នាក់ទៀត សរុបគ្នា៣នាក់ ស្រាប់តែដល់វេលាម៉ោង១១យប់ថ្ងៃដដែល គ្រាដែលជនរងគ្រោះចុះបាញ់ត្រីក្នុងសមុទ្រ នៅចំណុចខាងលើ មិនឃើញងើបឡើងវិញ មិត្តភក្តិក៏បានផ្តល់ព័ត៌មានទៅប្រពន្ធនៅឯផ្ទះ ទើបផ្អើលឆោឡោ ឃើញតែភ្លើងពិលអណ្តែតលើទឹក តែបាត់ជនរងគ្រោះ សមត្ថកិច្ចស្វែងរកទាំងយប់ រហូតដល់ព្រឹកថ្ងៃទី២១ កម្លាំងសមត្ថកិច្ច ទាំងអ្នកជំនាញមុជទឹក បន្តចុះស្វែងរកពេញមួយថ្ងៃនៅតែមិនឃើញ រហូតដល់វេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ គ្រាដែលប្រជានេសាទចេញទូកទៅរកបង្គា ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតនៅក្បែរស្ពានអូរត្រះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រាយការណ៍ទៅសមត្ថកិច្ច ពិនិត្យជាក់ស្តែង ពិតជាសាកសពបុរសបាញ់ត្រី ។

សពជនរងគ្រោះត្រូវបានស្រង់ឡើងគោក សមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share.