ប៉េកាំង៖ ប្រទេសថៃបាននិងកំពុងប្រើប្រាស់របៀបវារៈប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) និងឧក្រិដ្ឋកម្មឆ្លងដែន ធ្វើជាចំណុចស្នូលនយោបាយ ដើម្បីទាញយកកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែស៊ីជម្រៅពីមហាអំណាចចិន ដើម្បីឈានទៅបង្កើតការចរចាកម្រិតកំពូល «២+២» ដែលជានិន្នាការនយោបាយការបរទេសថ្មីមួយក្នុងតំបន់។

កិច្ចការនេះធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងនៅទីក្រុងប៉េកាំង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នាយកណ្ដុរ អនុទីន នាយករដ្ឋមន្ត្រីថៃ និងលោក សីហៈសក្តិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រហូតដល់ទៅ ១៥ ច្បាប់។

សារព័ត៌មានថៃបានផ្សាយថា ជំនួបមេដឹកនាំប្រទេសថៃនិងចិន បានបង្ហាញឱ្យឃើញនូវការទម្លុះរបាំងផ្នែកសន្តិសុខដ៏សំខាន់មួយ នោះគឺវេទិកាសន្តិសុខ «២+២»។ ភាគីទាំងពីរបានព្រមព្រៀងបង្កើតក្របខ័ណ្ឌចរចា «២+២» ក្រោមជំនួបកំពូលរវាង រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការសម្របសម្រួលគោលនយោបាយសន្តិសុខឱ្យកាន់តែជិតស្និទ្ធ។ ក្រៅពីនោះភាគីចិនបានបង្ហាញជំហររួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំលើកដំបូងនេះថែមទៀតផង។

ដោយឡែក បញ្ហាស្កេមវិញ ប្រទេសថៃបានលើកយកបញ្ហាបង្ក្រាបក្រុមស្កេមម័រ និងហ្គែងខលសិនធ័រជាប្រធានបទក្តៅជួរមុខក្នុងការពិភាក្សា ដើម្បីស្នើសុំឱ្យចិនបង្កើនកិច្ចសហប្រតិបត្តិការពេញលេញមួយ ទាំងការអនុវត្តច្បាប់ ការទប់ស្កាត់ការជួញដូរមនុស្ស ការផ្តាច់ផ្លូវលាងលុយកង្វក់ និងការផ្លាស់ប្តូរព័ត៌មានបក្សពួកឧក្រិដ្ឋជនឆ្លងដែន។

ក្រៅពីបញ្ហាស្កេម ភាគីថៃក៏បានលើកឡើងដោយចំៗអំពីបញ្ហានយោបាយផ្ទៃក្នុង និងសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងក្រុមអាជីវកម្មប្រកបដោយហានិភ័យ ឬប្រភពដើមមិនច្បាស់លាស់របស់ចិនដែលចូលទៅប្រតិបត្តិការនៅប្រទេសថៃ។

ក្នុងនោះ រដ្ឋមន្ត្រីការបរទេសថៃបានគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំចិនថា ទោះបីជាអាជីវកម្មទាំងនោះមានចំនួនតិចតួច បើធៀបនឹងការវិនិយោគសរុបរបស់ចិន ប៉ុន្តែវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្ត និងអារម្មណ៍របស់ប្រជាជនថៃ។ ភាគីថៃបានស្នើសុំឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បង្កើនការរឹតបន្តឹង និងផ្តល់សំខាន់លើបញ្ហានេះ។

សម្រាប់អ្នកតាមដានព្រឹត្តិការណ៍មើលឃើញថា និមិត្តរូបនៃខួបលើកទី ៥២ នៃទំនាក់ទំនងការទូតថៃ-ចិន នៅឆ្នាំ២០២៧ ខាងមុខនេះ ថៃបានកំពុងព្យាយាមរៀបចំជំហរនយោបាយការបរទេសរបស់ខ្លួនឡើងវិញ ដោយប្រើប្រាស់យន្តការសន្តិសុខទ្វេភាគីជាមួយចិន ដើម្បីដោះស្រាយវិបត្តិឧក្រិដ្ឋកម្មឆ្លងដែនផង និងដើម្បីពង្រឹងទម្ងន់នយោបាយរបស់ខ្លួននៅក្នុងតំបន់ផងដែរ៕

Share.