ភូកេត៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិស្វីសម្នាក់កាលពីថ្ងៃទី២១ ខែកក្កដា បន្ទាប់ពីជននេះបានប្រព្រឹត្តអំពើបំពានផ្លូវភេទលើកុមារាជនជាតិថៃអាយុ ១៤ឆ្នាំម្នាក់ នៅក្នុងទឹកសមុទ្រ នាឆ្នេរ Patong ខេត្តភូកេត។ ដើមហេតុនៃករណីនេះបានកើតឡើងបន្ទាប់ពីម្តាយរបស់កុមាររងគ្រោះបានស្វែងរកកិច្ចអន្តរាគមន៍ និងជំនួយពីអង្គការមូលនិធិ Paveena ដើម្បីកុមារ និងស្ត្រី កាលពីថ្ងៃទី១៨ ខែកក្កដា ក្រោយពេលបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល Patong រួចហើយ។ ម្តាយរបស់ជនរងគ្រោះបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី១០ ខែកក្កដា មកម៉្លេះ ហើយគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ដោយសារតែជនសង្ស័យបានដឹងពីទីតាំងភូមិសាស្ត្រនៃផ្ទះរបស់គាត់ និងបារម្ភថាជនសង្ស័យអាចនឹងមកបន្តរំខាន ឬធ្វើបាបកូនប្រុសរបស់គាត់បន្ថែមទៀត ប្រសិនបើដំណើរការស៊ើបអង្កេតមានភាពយឺតយ៉ាវ។

បើតាមលោកស្រី Paveena Hongsakul ប្រធាន និងជាស្ថាបនិកអង្គការមូលនិធិ Paveena បានអមដំណើរម្តាយ និងកុមាររងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាល Patong ដោយផ្ទាល់ កាលពីថ្ងៃទី២០ ខែកក្កដា ដើម្បីតាមដាន និងពន្លឿនចំណាត់ការច្បាប់លើករណីនេះ។ ជាលទ្ធផល នៅថ្ងៃបន្ទាប់ ប៉ូលីសបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ដែលត្រូវបានអះអាងថាជា ជនជាតិស្វីស ប៉ុន្តែអាជ្ញាធរមិនទាន់បានទម្លាយអត្តសញ្ញាណ និងឈ្មោះជាសាធារណៈនៅឡើយទេ។

យោងតាមការរៀបរាប់របស់កុមារារងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុ រូបគេបានដើរកាត់តាមកន្លែងធ្វើការរបស់ម្តាយនៅតំបន់ Patong រួចក៏បានដើរលេងកម្សាន្តម្នាក់ឯងនៅតាមបណ្តោយឆ្នេរ Patong។ ភ្លាមៗនោះ បុរសជនជាតិស្វីសរូបនេះបានចូលមកជិត រួចផ្តើមការសន្ទនា និងសុំថតរូប Selfie ជាមួយគេ។ បន្ទាប់មក ជនសង្ស័យបានផ្លាស់ប្តូរព័ត៌មានទំនាក់ទំនង សួរនាំពីអាសយដ្ឋានផ្ទះ និងបានបបួលកុមារារងគ្រោះចុះហែលទឹក។

នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់បន្ថែមថា ជនបរទេសរូបនោះបានឆ្លៀតឱកាសបង្កើតភាពស្និទ្ធស្នាលដោយសុំបង្រៀនកុមារារងគ្រោះឱ្យចេះហែលទឹក ប៉ុន្តែផ្ទុយទៅវិញ បែរជាបានប្រព្រឹត្តអំពើបំពានផ្លូវភេទលើរូបគេនៅក្នុងទឹកសមុទ្រទៅវិញ។ កុមារារងគ្រោះបានប្រាប់អ្នកស៊ើបអង្កេតថា រូបគេមានការភ័យខ្លាចជាខ្លាំង ទើបមិនហ៊ានរំដោះខ្លួន ឬស្រែកហៅអ្នកដទៃឱ្យជួយ។

ប៉ុន្ដែម្តាយរបស់កុមាររងគ្រោះបានកត់សម្គាល់ឃើញថា កូនប្រុសរបស់គាត់មានសកម្មភាពខុសធម្មតា និងបង្ហាញអាការៈសោកសៅ ព្រមទាំងមានអារម្មណ៍តានតឹងផ្លូវចិត្តយ៉ាងខ្លាំងបន្ទាប់ពីត្រឡប់មកផ្ទះ ហើយក្រោយពីការសាកសួរដេញដោល ទើបកូនប្រុសដាច់ចិត្តប្រាប់រឿងរ៉ាវពិតប្រាកដទាំងអស់។ មិនតែប៉ុណ្ណោះ គាត់បានបន្ថែមទៀតថា ជនសង្ស័យនៅតែបន្តផ្ញើសារតាមកម្មវិធី LINE មកកាន់កូនប្រុសរបស់គាត់ដើម្បីណាត់ជួបជាថ្មី ដែលសារសន្ទនាទាំងអស់នេះត្រូវបានប្រគល់ជូនសមត្ថកិច្ចទុកជាភស្តុតាងរួចហើយ។

អ្នកនាំពាក្យប៉ូលីសបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Channel 7 ថា ក្រុមអ្នកស៊ើបអង្កេតប្រមូលបានភស្តុតាងជារូបថត និងព័ត៌មានសំខាន់ៗ មួយចំនួនទៀតដែលពាក់ព័ន្ធនឹងករណីនេះចេញពីកុំព្យូទ័រយួរដៃ (Laptop) និងទូរស័ព្ទដៃរបស់ជនជាតិស្វីសរូបនោះ។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បើកកាយព័ត៌មានលម្អិតបន្ថែមទៀតឡើយ ដោយសារតែសំណុំរឿងកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ខណៈជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តភូកេត ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។

យ៉ាងណាម៉ិញ ទោះបើករណីនេះកំពុងស៊ើបអង្កេតក៏ដោយ ប៉ុន្ដែរឿងរ៉ាវនេះបានកើតឡើងជាង ១០ថ្ងៃទៅហើយទើបមានចំណាត់ការស្វែងរក និងចាប់ខ្លួនជនសង្ស័យ ដែលហាក់បីដូចជាអូសបន្លាយពេលយូររហូតធ្វើឱ្យគ្រួសារជនរងគ្រោះមានការភិតភ័យនឹងបារម្ភពីសុវត្ថិភាព។ ចុះបើគ្មានអង្គការក្រៅរដ្ឋាភិបាល លូកដៃជួយ តើជនរងគ្រោះត្រូវរង់ចាំយុត្តិធម៌ដល់ពេលណា? តើមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលត្រូវស្ងាត់បាត់ដំណឹង ដោយសារប៉ូលីសក្នុងតំបន់ធ្វើការអសកម្ម?

ក្រោយកើតមានរឿងរ៉ាវជាច្រើននៅក្នុងស្រុកទាក់ទងនឹងជនបរទេស អ្នកវិភាគមួយចំនួនបានលើកឡើងថា ថៃជាប្រទេសដែលអួតពីកំណើនភ្ញៀវទេសចរបរទេសរាប់លាននាក់ ប៉ុន្តែយន្តការស្កែន ឬតាមដានជនបរទេសដែលមានប្រវត្តិល្មើសច្បាប់ ឬប្រព្រឹត្តបទល្មើសផ្លូវភេទលើកុមារនៅមានកម្រិតទាបនៅឡើយ៕

ប្រភព៖ The Thaiger

Share.