ភ្នំពេញ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrews បានប្រកាសគម្រោងចុះពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងសិក្សាស្ថានភាពជាក់ស្តែង ក្រោយជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោក Thomas Andrews បានថ្លែងអំណរគុណចំពោះសម្តេចតេជោដែលបានផ្តល់ឱកាសឱ្យជួបពិភាក្សា ដោយចាត់ទុកថា វាជាសញ្ញាវិជ្ជមានបង្ហាញពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។ លោកក៏បានកោតសរសើរកម្ពុជាដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន និងបានបង្ហាញការយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគម្រោងចុះពិនិត្យតំបន់ព្រំដែនរបស់អ្នករាយការណ៍ពិសេស UN និងបានពន្យល់អំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរង។

សម្តេចតេជោក៏បានបញ្ជាក់ថា សិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ។ សម្តេចបានអះអាងថា កម្ពុជាបើកទូលាយចំពោះការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ត្រូវស្ថិតក្រោមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ក្នុងឱកាសនោះ សម្តេចតេជោក៏បានសម្តែងក្តីសង្ឃឹមថា លោក Thomas Andrews នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ហើយជូនពរឱ្យបេសកកម្មរបស់លោកទទួលបានជោគជ័យ។

Share.