តាកែវ ៖ ទូកដឹកទំនិញគេចពន្ធមកពីប្រទេសវៀតណាមចំនួន២គ្រឿងត្រូវបានកម្លាំងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមអន្តរាគមន៍ពិសេស ចុះបង្ក្រាប កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចម្ងាយ៧គីឡូម៉ែត្រពីច្រកទ្វេរភាគីបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ទូកចំនួន២គ្រឿង ដឹកទំនិញនាំចូលពីវៀតណាម ដោយមិនបានបំពេញបែបបទគយឱ្យបានត្រឹមត្រូវនោះទេ ទើបកម្លាំងគយសហការជាមួយមន្ត្រីគយការិយាល័យបាក់ដៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តតាកែវផង បានចុះឃាត់ ធ្វើការត្រួតពិនិត្យ ត្រួតពិនិត្យដែកនៅចម្ងាយប្រមាណ៧ ទៅ ៨គីឡូម៉ែត្រ ពីច្រកទ្វេភាគីបាក់ដៃ ជាលទ្ធផលរកឃើញទំនិញក្នុងទូកទាំងពីរគ្រឿង មានទំនិញចម្រុះក្នុងបរិមាណច្រើន ដែលមួយផ្នែកធំ មិនបានប្រកាស និងបំពេញបែបបទនាំចូលតាមនីតិវិធីគយ នៅការិយាល័យគយ និងរដ្ឋាករបាក់ដៃឡើយ ។

បច្ចុប្បន្ន ទូកដឹកទំនិញទាំង២គ្រឿង និងទំនិញពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់រក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងមួយក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ខណៈសំណុំរឿងកំពុងរង់ចាំការសម្រេចតាមនីតិវិធីពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៕


