ក្នុងនាមជា «ប្រទេសត្រួសត្រាយផ្លូវ» នៃគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ កម្ពុជាបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយអត្រាកម្មករក្រៅប្រព័ន្ធពី ៨៨% មកត្រឹម ៧៥% ហើយរំពឹងថានឹងជួយឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាន «ការងារសមរម្យ និងការគាំពារសង្គម» ប្រកបដោយបរិយាបន្ន។

កាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ គឺជាគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានប្រកាសដាក់ឱ្យដំណើការកាលពីខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់បណ្តាប្រទេសនានាក្នុងការរៀបចំគោលនយោបាយ ឈានទៅបង្កើតការងារសមរម្យ ពង្រីកការគ្របដណ្តប់ការគាំពារសង្គម និងជំរុញអន្តរកាលសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព។ ដោយការទទួលស្គាល់អំពីសក្តានុពលដ៏រឹងមាំរបស់គំនិតផ្តួចផ្តើមក្នុងការរួមចំណែកដល់ការអភិវឌ្ឍនេះ កម្ពុជាបានចូលរួមជា «ប្រទេសត្រួសត្រាយផ្លូវ (Pathfinder Country)» កាលពីខែកក្កដា ឆ្នាំ២០២៣ និងបានអនុម័តផែនទីបង្ហាញផ្លូវរបស់កម្ពុជា នៅខែធ្នូ ឆ្នាំ២០២៤។
ដើម្បីផ្សព្វផ្សាយអំពីក្របខណ្ឌផែនទីបង្ហាញផ្លូវនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអុកស្វាម និងអង្គការអន្តរជាតិខាងការងារបានរៀបចំសិក្ខាសាលាថ្នាក់ជាតិ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្តោតជាពិសេសលើការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងប្រព័ន្ធសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សិក្ខាសាលានេះមានអ្នកចូលរួមសរុបប្រមាណ ២៥០ នាក់ រួមមានតំណាងមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សហជីព តំណាងកសិករ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ដើម្បីពិភាក្សាអំពីឱកាស និងសកម្មភាពអាទិភាពនានា សម្រាប់កិច្ចសហប្រតិបត្តិការបន្ត ។

នាយិកាអង្គការ Oxfam លោកស្រី ភាណ សោភ័ណ លើកឡើងក្នុងសុន្ទរកថារបស់លោកស្រីថា បើទោះបីជាបច្ចុប្បន្នមានប្រជាជនប្រមាណ ៧ លាននាក់ (៤១%) ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសុខភាពសង្គម ប៉ុន្តែសមិទ្ធិផលនេះនៅតែប្រឈមមុខនឹងគម្លាតធំ ដោយសារកម្លាំងពលកម្មរហូតដល់ ៨៨% នៅតែស្ថិតក្នុងសេដ្ឋកិច្ចក្រៅផ្លូវការ ដែលគ្មាន ឬមានកម្រិតទាបក្នុងការទទួលបានការការពារផ្នែកច្បាប់ និងសន្តិសុខសង្គម។
លោកស្រីនាយិកា បានស្នើឱ្យមានការបញ្ចូលអង្គការសង្គមស៊ីវិល (CSOs) ជាផ្លូវការនៅក្នុង «ក្រុមការងារបច្ចេកទេសរួម» (Joint Technical Working Group) ដើម្បីតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ ដោយសារសង្គមស៊ីវិលមានបទពិសោធន៍ផ្ទាល់ និងដឹងពីតម្រូវការជាក់ស្តែងរបស់អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ។
លោកស្រី ភាណ សោភ័ណ គូសរំលេចបន្ថែមថា៖ «វឌ្ឍនភាពប្រកបដោយចីរភាពអាចសម្រេចទៅបាន លុះត្រាមានការចូលរួម និងសហការជាដៃគូ ពោលគឺដាក់កម្មករនិយោជិតងាយរងគ្រោះឱ្យស្ថិតនៅចំចំណុចកណ្តាលនៃគោលនយោបាយ និងសកម្មភាព»។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឱ្យឯកឧត្តមរដ្ឋមន្ត្រិ ហេង សួរ បានគូសបញ្ជាក់យ៉ាងច្បាស់អំពី «គោលដៅអាទិភាពទាំង ៥» នៃការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលក្នុងនោះ គោលដៅអាទិភាពទី១ គឺការធានាឱ្យបាននូវសេដ្ឋកិច្ច និងការបង្កើតការងារ តាមរយៈការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការបង្កើតមុខរបរ និងឱកាសការងារជូនប្រជាពលរដ្ឋគ្រប់រូប ទាំងបុគ្គលស្វ័យនិយោជន៍ និងកម្មករនិយោជិតក្នុងប្រព័ន្ធ។ ដោយឡែក គោលដៅអាទិភាពទី២ គឺផ្តោតលើការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ភាពមានការងារធ្វើប្រកបដោយបរិយាបន្ន ដោយបន្តបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យមានជំនាញពិតប្រាកដ ដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ និងការងារល្អ ពិសេសផ្ដល់ឱកាសស្មើៗគ្នាដល់ស្ត្រី យុវជន គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ជនមានពិការភាព និងបងប្អូនជនជាតិដើមភាគតិច។
ទន្ទឹមនឹងនេះ គោលដៅអាទិភាពទី៣ គឺការពង្រីកការគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល ដើម្បីធានាថាប្រជាពលរដ្ឋទទួលបាននូវការថែទាំ និងការពារសុខភាពប្រកបដោយសមធម៌ ស្របតាមស្តង់ដារតំបន់ និងសកលលោក។ ចំណែកឯ គោលដៅអាទិភាពទី៤ គឺការជំរុញការចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ធ្វើយ៉ាងណាផ្លាស់ប្តូរ និងទាញយកសកម្មភាពសេដ្ឋកិច្ចឱ្យចូលក្នុងប្រព័ន្ធ ដើម្បីបង្កើនកំណើនតាមវិស័យ និងលើកកម្ពស់ផលិតភាពពលកម្មឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ គោលដៅអាទិភាពទី៥ គឺការបង្កើតបរិយាកាសទីផ្សារការងារប្រកបដោយបរិយាបន្ន ដែលជាគោលដៅចុងក្រោយក្នុងការប្រមូលផ្តុំផលប្រយោជន៍ពីគោលដៅទាំងបួនខាងលើ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនាញ និងទទួលបានព័ត៌មានទីផ្សារការងារយ៉ាងងាយស្រួល ក្នុងការចូលរួមធ្វើសកម្មភាពការងារ។
លោកជំទាវបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវគោលដៅអាទិភាពទាំង ៥ នេះ គឺមានគោលបំណងរួមតែមួយគត់ គឺការកសាងសង្គមកម្ពុជាដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវឱកាសការងារសមរម្យ ការអភិវឌ្ឍជំនាញ និងការគាំពារសង្គម ព្រមទាំងអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយ «មិនទុកនរណាម្នាក់ចោលឡើយ» ដែលទិសដៅនេះគឺស្របគ្នាយ៉ាងខ្ជាប់ខ្ជួនទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០។
លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវឌ្ឍនាភាព នៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ យ៉ាងច្បាស់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ សមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានកើនឡើងរហូតដល់ប្រមាណ ៣,៨លាននាក់ (ស្រ្តី ២,១លាននាក់) ក្នុងនោះរួមមានសមាជិកភាគទានដោយស្ម័គ្រចិត្តជិត ៩៩ម៉ឺននាក់ (ស្រ្តី ៥៩ម៉ឺននាក់) ដោយគ្របដណ្ដប់លើអ្នកនៅក្នុងបន្ទុកចំនួន ២៩៩,៦៤៦នាក់ និងបុគ្គលស្វ័យនិយោជន៍ចំនួន ៦,៧៥៨នាក់ នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកជំទាវបានបន្តថា ផ្អែកតាមការអង្កេតកម្លាំងពលកម្ម អត្រាកម្មករ-និយោជិតក្រៅប្រព័ន្ធបានថយចុះគួរឱ្យកត់សម្គាល់ពី ៨៨% ក្នុងឆ្នាំ២០១៩ មកត្រឹម ៧៥% ក្នុងឆ្នាំ២០២៥ ហើយក្រសួងបានដាក់ចេញនូវមហិច្ឆតាក្នុងការជំរុញបងប្អូនកម្មករចូលក្នុងប្រព័ន្ធបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រានេះឱ្យមកត្រឹម ៧០% នៅត្រឹមឆ្នាំ២០២៨ ខាងមុខ៕





