ករណីបទល្មើសឆ្លងដែន និងការប្រើប្រាស់ «ណូមីនី» (Nominee) ឬអ្នកតំណាងបិទមុខ ដើម្បីកាន់កាប់អចលនទ្រព្យខុសច្បាប់ នៅតែជាប្រធានបទក្តៅគគុកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កាលពីថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ ២០២៦ ម្សិលមិញនេះ កម្លាំងនគរបាលជាតិថៃ បានរក​ឃើញបណ្តាញជនជាតិចិនមួយក្រុម ដែលបានប្រើប្រាស់ល្បិចបង្កើតក្រុមហ៊ុនបិទបាំង និងជួលឈ្មោះជនជាតិថៃឱ្យធ្វើជាអ្នកកាន់ភាគហ៊ុនជំនួស ដើម្បីទិញផ្ទះល្វែង និងវីឡាប្រណីតចំនួន ៣៣ ខ្នង ក្នុងទំហំទឹកប្រាក់សរុបរហូតដល់ទៅជាង ១,២៧៥ លានបាត (ប្រមាណជាង ៣៥ លានដុល្លារអាមេរិក)។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ បានផ្សព្វផ្សាយបង្ហាញពីលទ្ធផលនៃការចុះឆែកឆេរគោលដៅសង្ស័យចំនួន ២០ កន្លែង នៅក្នុងតំបន់បុរីប្រណីតៗ នាទីក្រុងបាងកក។

ប្រតិបត្តិការនេះបានធ្វើឡើង បន្ទាប់ពីទទួលបានតម្រុយពីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម (DBD) និងបណ្តឹងសារទុក្ខពីប្រជាពលរដ្ឋក្នុងតំបន់ ជុំវិញសកម្មភាពមិនប្រក្រតីរបស់ក្រុមជនជាតិចិនដែលរស់នៅក្នុងបុរីទាំងនោះ។ តាមការស៊ើបអង្កេត បានលាតត្រដាងថា មេខ្លោងពិតប្រាកដនៅពីក្រោយខ្នងនៃប្រតិបត្តិការខុសច្បាប់នេះ គឺបុរសជនជាតិចិនម្នាក់ឈ្មោះ ហាវ តឹង (Hao Deng) ដោយបានជួលស្ត្រីជនជាតិថៃពីរនាក់ (ត្រូវជាម្តាយនិងកូន) ឱ្យឈរឈ្មោះជាប្រធាន និងអ្នកកាន់ភាគហ៊ុនក្រុមហ៊ុនចំនួន ៣៣ តែនៅលើក្រដាស ប៉ុន្តែថវិកា និងការគ្រប់គ្រងទាំងស្រុងគឺស្ថិតនៅក្រោមដៃរបស់មេខ្យល់ចិនរូបនេះ។

ក្នុងប្រតិបត្តិការឆែកឆេរ សមត្ថកិច្ចដកហូតបានភស្តុតាងសំខាន់ៗជាច្រើន រួមមាន៖

  • ប្លង់ដី និងកិច្ចសន្យាទិញលក់ចំនួន ៣៣ ឈុត
  • លិខិតឆ្លងដែន (Passport) ច្រើនសញ្ជាតិចំនួន ១៥ ក្បាល
  • ឧបករណ៍អេឡិចត្រូនិក និងត្រាក្រុមហ៊ុនជាច្រើន
  • ក្រដាសប្រាក់ និងឯកសារផ្ទេរភាគហ៊ុនចោល ដែលត្រូវបានចុះហត្ថលេខាទុករួចជាស្រេច ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរឈ្មោះម្ចាស់កម្មសិទ្ធិទៅឱ្យអតិថិជនចិនផ្សេងទៀត។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមនេះបានប្រើប្រាស់ល្បិច ៣ ទម្រង់ ក្នុងការគេចវេសពីច្បាប់ស្តីពីការកាន់កាប់អចលនទ្រព្យរបស់ជនបរទេស រួមមាន៖ ការទិញផ្ទះទុកជាមុន, ការផ្លាស់ប្តូររចនាសម្ព័ន្ធភាគហ៊ុនភ្លាមៗនៅពេលមានអតិថិជនចិនទិញបន្ត, និងការទិញទុកសម្រាប់ជួល ឬលក់បន្តតាមរយៈភ្នាក់ងារអចលនទ្រព្យរបស់ជនជាតិចិន។

បច្ចុប្បន្ន ជនសង្ស័យត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើស «ការប្រកបអាជីវកម្មរបស់ជនបរទេសខុសច្បាប់» និង «បទល្មើសតាមក្រមច្បាប់ដីធ្លី»។ អាជ្ញាធរថៃក៏កំពុងរៀបចំរបាយការណ៍បញ្ជូនទៅនាយកដ្ឋានដីធ្លី ដើម្បីដកហូត និងរឹបអូសអចលនទ្រព្យទាំងនោះលក់ឡៃឡុង ព្រមទាំងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត។

សរុបមកវិញ ប្រតិបត្តិការបង្ក្រាបបណ្តាញ «ណូមីនី» ជនជាតិចិននៅប្រទេសថៃនាពេលនេះ មិនត្រឹមតែជាការអនុវត្តច្បាប់លើករណីបទល្មើសអចលនទ្រព្យធម្មតានោះទេ ប៉ុន្តែវាគឺជាសញ្ញាអាសន្នមួយដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងទម្រង់បែបទំនើប។ ការប្រើប្រាស់រូបភាពក្រុមហ៊ុនបិទបាំង និងការប្រវ័ញ្ចច្បាប់ក្នុងស្រុក ដើម្បីគ្របដណ្តប់លើអចលនទ្រព្យតម្លៃរាប់សិបលានដុល្លារ មិនត្រឹមតែបង្កើតឱ្យមានវិបត្តិសេដ្ឋកិច្ច និងការប៉ោងឡើងនៃតម្លៃទីផ្សារផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសហគមន៍ ព្រោះបុរី ឬភូមិគ្រឹះប្រណីតៗអាចប្រែប្រួលទៅជា «តំបន់ស្វយ័តងងឹត» ដែលអាជ្ញាធរ​ថៃពិបាកគ្រប់គ្រង ប្រសិនបើមានការប្រមូលផ្តុំដោយជនបរទេសរស់នៅខុសច្បាប់ច្រើន និង​បង្កើត​បាន​ជា​សំបុក​ប្រព្រឹត្តិ​បទ​ល្មើស​ឆបោក​អនឡាញ​បាន​ដោយ​ងាយ​ផង​ដែរ​។

ករណីសិក្សានេះ គឺជាមេរៀន និងជាសារព្រមានយ៉ាងខ្នាតធំមួយសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងការរឹតបន្តឹងយន្តការត្រួតពិនិត្យផ្លូវច្បាប់ លើការចុះបញ្ជីក្រុមហ៊ុន និងការកាន់កាប់កម្មសិទ្ធិដីធ្លី ដើម្បីទប់ស្កាត់លំហូរទុនងងឹត និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋម្ចាស់ស្រុកឱ្យបានទាន់ពេលវេលា៕

https://troryorng.com/
Share.