ភ្នំពេញ៖ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រកិច្ចការពារ និងស្តាររមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ខណៈបេតិកភណ្ឌដ៏មានតម្លៃនេះបានរងការខូចខាតធ្ងន់ធ្ងរពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥។

ការអំពាវនាវនេះ ធ្វើឡើងដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងអំឡុងសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការយូណេស្កូ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ICOMOS និងដៃគូអន្តរជាតិ ដែលបានគាំទ្រកម្ពុជាក្នុងការអភិរក្សប្រាសាទព្រះវិហារ និងបានរំលឹកថា ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ និងប៉ះពាល់ដល់តម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌនេះ។

កម្ពុជាបានជម្រាបជូនអង្គប្រជុំថា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌរបស់អង្គការយូណេស្កូ និងដៃគូអន្តរជាតិផ្សេងៗ បានអនុវត្តវិធានការបន្ទាន់ជាច្រើន ដូចជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ដែលងាយរងគ្រោះ និងការចងក្រងឯកសារបំណែកស្ថាបត្យកម្ម ដើម្បីគាំទ្រការស្តារ និងជួសជុលនាពេលអនាគត។

ទន្ទឹមនឹងនេះ គណៈប្រតិភូកម្ពុជាបានបង្ហាញក្តីបារម្ភចំពោះការបន្តវត្តមានកងកម្លាំងយោធាថៃនៅតំបន់ជុំវិញប្រាសាទព្រះវិហារ និងសកម្មភាពឯកតោភាគីផ្សេងទៀត ដែលអាចបង្កហានិភ័យដល់បេតិកភណ្ឌវប្បធម៌ខ្មែរនៅលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជា។

កម្ពុជាបានអំពាវនាវឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ព្រមទាំងស្នើឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តតាមដានស្ថានភាពប្រាសាទព្រះវិហារយ៉ាងជិតស្និទ្ធ និងគាំទ្រការអភិរក្ស និងស្តារឡើងវិញជាបន្ទាន់។

លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា ការការពារប្រាសាទព្រះវិហារ មិនត្រឹមតែជាការការពារបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិផងដែរ៕

Share.