ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋកម្ពុជាចំនួន ២០,២៨១នាក់ ក្នុងនោះមានស្ត្រី ១០,៣៣១នាក់ និងកុមារ ៦,០៦៦នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន បើទោះបីបទឈប់បាញ់រវាងកម្ពុជា និងថៃ បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ មានប្រជាពលរដ្ឋភាគច្រើនបានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈអ្នកដែលនៅសេសសល់មិនទាន់អាចត្រឡប់វិញ គឺដោយសារផលប៉ះពាល់ពីស្ថានភាពតាមបណ្តោយព្រំដែន។

សេចក្តីប្រកាសបន្តថា ផលប៉ះពាល់ក៏បានធ្វើឱ្យសេវាសាធារណៈមួយចំនួននៅតាមខេត្តជាប់ព្រំដែនបន្តផ្អាកដំណើរការ។ នៅខេត្តឧត្តរមានជ័យ មានសាលារៀន ៨កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៥កន្លែង បន្តបិទទ្វារ។ ខេត្តបន្ទាយមានជ័យ មានសាលារៀន ៥កន្លែង និងមណ្ឌលសុខភាព ១កន្លែង បិទដំណើរការ ខណៈខេត្តព្រះវិហារ មានសាលារៀន ៧កន្លែង និងមណ្ឌលសុខភាព ២កន្លែង នៅមិនទាន់អាចបើកដំណើរការឡើងវិញ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅតែមានទំហំធំ ដោយគិតជាបឋមមានផ្ទះប្រជាពលរដ្ឋ ៩៨០ខ្នង រងការខូចខាត រួមទាំងអគារស្នាក់នៅ ស្ថានីយប្រេង ផ្សារ រថយន្ត ម៉ូតូ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ចំណែកទ្រព្យសម្បត្តិសាធារណៈដែលរងការខូចខាត រួមមានសាលារៀន ២៦កន្លែង មន្ទីរពេទ្យ និងមណ្ឌលសុខភាព ១៤កន្លែង វត្តអារាម ១៩កន្លែង ប្រាសាទបុរាណ ៤កន្លែង ស្ពាន ៥កន្លែង ផ្លូវ ៨៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធកំពុងបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែម និងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមសាមគ្គីគាំទ្រការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ៕

Share.