ប្រភពព័ត៌មានក្នុងឧស្សាហកម្មថាមពល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អាជ្ញាធររុស្ស៊ីកំពុងផ្លាស់ប្តូរទិសដៅនៃការដឹកជញ្ជូនប្រេងឥន្ធនៈចេញពីតំបន់ស៊ីបេរី (Siberia) និងរៀបចំបង្កើនការនាំចូលថាមពលពីប្រទេសបេឡារុស្សបន្ថែមទៀត ដោយនឹងផ្គត់ផ្គង់ថាមពលទៅកាន់ក្រុងម៉ូស្គូមុនគេ ដើម្បីការពារកុំឱ្យមានការខ្វះខាតថាមពលនៅក្នុងរាជធានី ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេ និងមានភាពស្តុកស្តម្ភបំផុតនៅក្នុងប្រទេស ទោះបីជាមានភាពវឹកវរនៅទូទាំងប្រទេស ដោយសារការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនទៅលើរោងចក្រចម្រោះប្រេងរបស់រុស្សីក៏ដោយ។

វិបត្តិប្រេងឥន្ធនៈបានប៉ះពាល់ដល់ទីក្រុងជាច្រើនកម្រិតនៅទូទាំង ១១ ល្វែងម៉ោងខុសៗគ្នារបស់រុស្សី ចាប់តាំងពីខែឧសភា នៅពេលដែលអ៊ុយក្រែនបានបង្កើនការវាយប្រហារលើរោងចក្រចម្រោះប្រេង ក្នុងគោលបំណងកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។
ប្រភពដើមក្នុងឧស្សាហកម្មបានឱ្យដឹងថា ផលិតផលប្រេងសាំងសរុបរបស់រុស្ស៊ីបានធ្លាក់ចុះមកត្រឹមប្រមាណ ៦៥% នៃការប្រើប្រាស់មធ្យមតាមរដូវកាលនៅដើមខែកក្កដា បន្ទាប់ពីបរិមាណផលិតកម្មទាបជាងតម្រូវការអស់រយៈពេលពីរប្រាំខែមកហើយ។
ផ្អែកតាមទិន្នន័យពីអាជីវករជួញដូរថាមពលក្នុងតំបន់ និងអ្នកយកព័ត៌មាន Reuters បានឱ្យដឹងថា ការវាយប្រហារលើរោងចក្រចម្រោះប្រេងនៅក្រុងម៉ូស្គូនាសព្វថ្ងៃពាក់កណ្តាលខែមិថុនា បានបណ្តាលឱ្យមានកង្វះខាតប្រេងឥន្ធនៈ និងកើតមានជួររង់ចាំចាក់ប្រេងយ៉ាងវែងនៅតាមស្ថានីយប្រេងឥន្ធនៈនានា។

ទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់នៅក្នុងរាជធានីរបស់រុស្ស៊ី ដែលជាផ្ទះរបស់វណ្ណៈអ្នកដឹកនាំនយោបាយ និងវប្បធម៌ ព្រមទាំងស្ថានភាពទូទៅនៅក្រុងម៉ូស្គូ ចាប់ផ្តើមមានស្ថិរភាពជាងមុននៅក្នុងពាក់កណ្តាលខែកក្កដា ដោយមានបរិមាណប្រេងសាំង និងម៉ាស៊ូតគ្រប់គ្រាន់។
តំបន់ម៉ូស្គូគឺជាផ្ទះរបស់ប្រជាជន ២២ លាននាក់ ឬច្រើនជាង ១ ភាគ ៦ នៃប្រជាជនសរុបនៅក្នុងប្រទេស ហើយចាប់តាំងពីសម័យសូវៀតមក អាជ្ញាធរតែងតែផ្តល់អាទិភាពដល់ការដឹកជញ្ជូនទំនិញប្រភេទផ្សេងៗទៅកាន់រាជធានីមុនគេ។
ក្រសួងថាមពលមិនទាន់បានឆ្លើយតបចំពោះសំណើរសុំការបញ្ជាក់ជុំវិញការដឹកជញ្ជូនថាមពលទៅកាន់តំបន់ម៉ូស្គូនោះទេ។
នៅតំបន់គ្រីមៀ (Crimea) ដែលជារបស់អ៊ុយក្រែន ហើយត្រូវបានរុស្ស៊ីកាត់យកជាដែនដីរបស់ខ្លួន នាពេលនេះគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត។
ឧបទ្វីបមួយនេះត្រូវផ្អាកសកម្មភាពពាក់ព័ន្ធនឹងទេសចរណ៍សម្រាប់កុមារ មានការប្រើប្រាស់ប្រព័ន្ធបែងចែកប្រេងឥន្ធនៈ និងប្រកាសវិធានការកម្រិតសកម្មភាពសង្គម ដូចជាការកាត់បន្ថយម៉ោងបើកអាជីវកម្មរបស់ហាងទំនិញ និងហាងកាហ្វេជាដើម។
យោងតាមទិន្នន័យពីអាជីវករ ដើម្បីប៉ះប៉ូវការខ្វះខាតប្រេងសាំងដោយសាររោងចក្រចម្រោះប្រេងរងការខូចខាត ការដឹកជញ្ជូនប្រេងសាំងដែលផលិតនៅជួរភ្នំអ៊ូរ៉ាល់ (Urals) និងតំបន់ស៊ីបេរី រួមទាំងប្រេងដែលនាំចូលពីបេឡារុស្ស ត្រូវបានផ្លាស់ប្តូរទិសដៅទៅកាន់តំបន់ម៉ូស្គូមុនគេ។
ប្រភពអាជីវករម្នាក់ក្នុងចំណោមជាច្រើនបាននិយាយថា រោងចក្រចម្រោះប្រេង Achinsk នៅក្នុងតំបន់ Krasnoyarsk នៃដែនដីស៊ីបេរី បានផ្គត់ផ្គង់ប្រេងឥន្ធនៈទៅឱ្យក្រុងម៉ូស្គូ ហើយរំពឹងថា បរិមាណប្រេងឥន្ធនៈបន្ថែមដែលផ្ញើទៅក្រុងម៉ូស្គូពីតំបន់ផ្សេងទៀតនោះ មានចំនួនរាប់សែនតោន។
តំបន់ម៉ូស្គូប្រើប្រាស់ប្រេងសាំងប្រមាណ ៦ លានតោនក្នុងមួយឆ្នាំ ហើយដើម្បីឆ្លើយតបនឹងតម្រូវការនេះ ប្រទេសរុស្ស៊ីក៏បានចាប់ផ្តើមនាំចូលប្រេងឥន្ធនៈបន្ថែមពីប្រទេសឥណ្ឌាផងដែរ។
ចំណែកឯឧបនាយករដ្ឋមន្ត្រី លោក Alexander Novak បានអះអាងកាលពីថ្ងៃអង្គារ (ទី២១ ខែកក្កដា) ថា ទីផ្សារប្រេងឥន្ធនៈក្នុងស្រុករបស់រុស្សីចាប់ផ្តើមមានស្ថិរភាពឡើងវិញខ្លះហើយ ទោះបីជាស្ថានភាពនៅក្នុងតំបន់មួយចំនួននៅតែប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ៕

