ត្បូងឃ្មុំ៖ គម្រោងថែទាំខួបផ្លូវក្រាលល្បាយក្រួសប្រវែងជិត ១២គីឡូម៉ែត្រ នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានគណៈកម្មាធិការលទ្ធកម្មទទួលយកជាផ្លូវការ បន្ទាប់ពីការត្រួតពិនិត្យ និងវាយតម្លៃឃើញថា ការអនុវត្តគម្រោងបានបំពេញតាមបទដ្ឋានបច្ចេកទេស និងធានាបាននូវគុណភាព។

ការទទួលយកនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពជាស្ថានពរ លើគម្រោងផ្លូវខាងលើ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

តាមរបាយការណ៍បច្ចេកទេស ផ្លូវនេះមានប្រវែង ១១,៩១០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ២០សង់ទីម៉ែត្រ ប្រើប្រាស់ថវិការដ្ឋ (ជំពូក៦១) និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។ក្នុងការចុះពិនិត្យ គណៈកម្មការបានពិនិត្យលើស្ថានភាពជាក់ស្តែងនៃការដ្ឋាន និងវាយតម្លៃថា គម្រោងត្រូវបានអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មានគុណភាពរឹងមាំ និងបញ្ចប់ការងារទាន់ពេលវេលា។

ជាលទ្ធផល គណៈកម្មាធិការលទ្ធកម្មបានសម្រេចឯកភាពទទួលយកគម្រោង និងប្រកាសបញ្ចប់រយៈពេលធានាសុពលភាពជាស្ថានពរ។ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងក្រុមការងារបច្ចេកទេស ដែលបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បន្តថែទាំ និងតាមដានស្ថានភាពផ្លូវជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់បានយូរអង្វែង សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ព្រមទាំងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន៕

អត្ថបទ÷អាចារ្យលាក់

Share.