ខេត្តកែបកែប៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ កំពុងពន្លឿនការបញ្ចប់សំណង់ និងការបំពាក់ប្រព័ន្ធសន្តិសុខឌីជីថលវៃឆ្លាត (Smart Prisons) នៅពន្ធនាគារខេត្តកែប ដើម្បីធានាឱ្យគម្រោងរួចរាល់តាមផែនការ និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ។

ការពន្លឿននេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកែប។

ក្នុងដំណើរចុះពិនិត្យ គណៈប្រតិភូបានពិនិត្យអគារឃុំជនជាប់ឃុំ អគាររដ្ឋបាល ផ្លូវបេតុង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី ការបំពាក់អំពូលសូឡា ប្រព័ន្ធសន្តិសុខឌីជីថលវៃឆ្លាត (Smart Prisons) ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការងារដែលនៅសេសសល់មួយចំនួនទៀត។

ឯកឧត្តមអគ្គនាយក បានណែនាំឱ្យអង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ បង្កើនការយកចិត្តទុកដាក់ ពន្លឿនការងារឱ្យបានរួចរាល់តាមកាលកំណត់ ដោយត្រូវធានាគុណភាព សុវត្ថិភាព និងអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

ក្រៅពីការពិនិត្យវឌ្ឍនភាពសំណង់ គណៈប្រតិភូក៏បានពិនិត្យទីតាំងរៀបចំវេទិកា និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ សម្រាប់ត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ពន្ធនាគារខេត្តកែបជាផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខ។

អត្ថបទ÷ចតុម្មុខ

Share.