លោក ផារិទ្ធិ វ៉ាត់ឆារ៉ាស៊ីនធូ (Parit Wacharasindhu) អនុប្រធានគណបក្សប្រជាជន និងជាប្រធានក្រុមកិច្ចការសភាបក្សប្រឆាំង បានចេញមុខរិះគន់យ៉ាងធ្ងន់ៗលើលោក អនុទិន ឆានវីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់លើប្រធានអង្គការសង្គមស៊ីវិល iLaw ជំនួសឲ្យការចេញមុខបកស្រាយឲ្យច្បាស់លាស់ចំពោះសាធារណជន។


ការចេញមុខប្រតិកម្មរបស់ប្រធានបក្សប្រឆាំងរូបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅឯរដ្ឋសភាថៃ បន្ទាប់ពីមានរបាយការណ៍ថា លោក អនុទិន ឆានវីរៈគុល ប្រកាសត្រៀមប្តឹងលោក យីងឈីប អាឆាណុន (Yingcheep Atchanont) នាយកគម្រោងអ៊ីនធឺណិតដើម្បីច្បាប់ប្រជាជន (iLaw) ដែលបានទម្លាយឈ្មោះរដ្ឋមន្ត្រីចំនួន ៩ រូបថាមានពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា។

លោក ផារិទ្ធិ បានគូសបញ្ជាក់ថា ទាំងលោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែលត្រូវគេចោទប្រកាន់ គួរតែឆ្លើយតបឲ្យចំសំណួរ ជាជាងការទម្លាក់កំហុស ឬប្តឹងផ្តល់លើអ្នកដែលចោទសួរ។ លោកបានបន្ថែមថា ប្រសិនបើនាយករដ្ឋមន្ត្រីមិនបានពាក់ព័ន្ធពិតមែន គឺគ្រាន់តែបញ្ជាក់ឲ្យច្បាស់ថា នៅថ្ងៃកើតហេតុ លោកមិនបាននៅឯសណ្ឋាគារនោះ ហើយក៏មិនបានចូលរួមប្រជុំជាមួយក្រុម សមាជិកព្រឹទ្ធិសភា នោះដែរ។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឲ្យស្ថាប័នស៊ើបអង្កេត ធ្វើការស្រាវជ្រាវប្រមូលភស្តុតាងដូចជា រូបភាពវីដេអូសុវត្ថិភាព (CCTV) ពីសណ្ឋាគារដែលពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការស្វែងរកការពិត។

ទាក់ទិននឹងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប. ថៃ) ដែលត្រូវសម្រេចលើសំណុំរឿងនេះនាខែសីហាខាងមុខ លោក ផារិទ្ធិ បានព្រមានថា គ.ជ.ប. ត្រូវតែបំពេញភារកិច្ចដោយតម្លាភាព។ ប្រសិនបើមានភស្តុតាងច្បាស់ក្រឡែតហើយ ប៉ុន្តែ គ.ជ.ប. បែរជាមិនបញ្ជូនរឿងក្តីនេះទៅកាន់តុលាការ ដើម្បីការពារបណ្តាញអ្នកនយោបាយនៅពីក្រោយខ្នង នោះសមាជិក គ.ជ.ប. ខ្លួនឯងត្រូវប្រឈមមុខនឹងហានិភ័យផ្លូវច្បាប់ និងការជាប់ពន្ធនាគារ។


ឆ្លើយតបនឹងការលើកឡើងរបស់លោក សុភៈឆៃ ជៃសមុទ្រ តំណាងរាស្ត្រគណបក្សភូមិចៃថៃ ដែលបានចោទប្រកាន់ថាមានក្រុម “សមាជិកព្រឹទ្ធិសភា ពណ៌ក្រូច” ដែលគាំទ្រដោយគណបក្សប្រជាជន មិនខុសពីក្រុម “សមាជិកសភា ពណ៌ខៀវ” នោះទេ លោក ផារិទ្ធិ បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា អំពើពុករលួយក្នុងការជ្រើសរើស សមាជិកព្រឹទ្ធិសភា មិនមែនត្រឹមតែជាការរៀបចំជួញដូរសំឡេងឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការស៊ីសំណូក ចាត់តាំងមនុស្សឲ្យមកឈរឈ្មោះបោះឆ្នោត និងផ្តល់ប្រាក់កាស ឬតំណែងផ្សេងៗ។

លោកបានសង្កត់ធ្ងន់ថា៖ «មិនថានរណាក៏ដោយ ឲ្យតែមានឥរិយាបថពុករលួយបែបនេះ ស្ថាប័នអធិការកិច្ច និង គ.ជ.ប. ត្រូវតែបញ្ជូនសំណុំរឿងទាំងអស់ទៅកាន់តុលាការ ដោយគ្មានការលើកលែង ឬលំអៀងទៅលើនិន្នាការនយោបាយណាមួយឡើយ»៕

