ភ្នំពេញ៖ តារាសម្តែងហូលីវូដ និងជាសកម្មជនមនុស្សធម៌ល្បីឈ្មោះ លោកស្រី អែនជេលីណា ចូលី (Angelina Jolie) បានបង្ហោះរូបភាពជនភៀសសឹកកម្ពុជា ជាមួយខ្លឹមសារខ្លោចចិត្តយ៉ាងជ្រាលជ្រៅលើបណ្តាញសង្គម ដើម្បីរំលឹកដល់ខួប ១ឆ្នាំនៃវិបត្តិជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជាដែលរងការឈ្លានពានពីសំណាក់យោធាថៃ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋជិត ៣ម៉ឺននាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន។

នៅក្នុងសាររបស់លោកស្រីដែលត្រូវបានលាតត្រដាងកាលពីពេលថ្មីៗនេះ លោកស្រី ចូលី បានគូសបញ្ជាក់ថា កាលពីមួយឆ្នាំមុន ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា ដែលបានបំផ្លាញសុវត្ថិភាព និងស្ថិរភាពរបស់អ្នកភូមិកម្ពុជាជាច្រើន។ បច្ចុប្បន្នជិតមានចំនួនពលរដ្ឋជាង ៣០,០០០ នាក់នៅតែជាជនភៀសខ្លួនក្នុងស្រុក និងមិនទាន់អាចត្រឡប់ទៅរស់នៅផ្ទះដើមវិញឡើយ។

តារាសម្តែងរូបនេះបានរំលឹកពីចំណងទាក់ទងយ៉ាងស៊ីជម្រៅជាមួយកម្ពុជា ដោយលោកស្រីបានលើកឡើងថា៖ «កម្ពុជាតែងតែជាប្រទេសពិសេសបំផុតសម្រាប់ខ្ញុំ និងគ្រួសារ។ នេះជាដែនដីកំណើតរបស់កូនប្រុសខ្ញុំ (Maddox) ជាផ្ទះរបស់យើង ហើយអស់រយៈពេលជាង ២០ឆ្នាំមកនេះ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារក្នុងស្រុកលើការអភិរក្ស និងការអភិវឌ្ឍសហគមន៍។ ទីស្នាក់ការកណ្តាលនៃមូលនិធិ Maddox Jolie-Pitt Foundation (MJP) ក៏ស្ថិតនៅតំបន់ព្រំដែនដែលជម្លោះបានផ្ទុះឡើងនាពេលថ្មីៗនេះផងដែរ»។

លោកស្រីបានបន្ថែមថា កាលពីជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន មូលនិធិរបស់លោកស្រីត្រូវបានបង្ខំចិត្តជម្លៀសបុគ្គលិក និងគ្រួសាររបស់ពួកគេចេញពីតំបន់គ្រោះថ្នាក់ ដែលនេះជារឿងដ៏ឈឺចាប់ និងជារលកការរំលឹកថាជម្លោះអាចត្រឡប់មកវិញលឿនប៉ុណ្ណា។

ទោះបីជាបច្ចុប្បន្ន មូលនិធិរបស់លោកស្រីបានចាប់ផ្តើមដំណើរការឡើងវិញ ក្នុងការការពារព្រៃឈើ និងគាំទ្រសុខុមាលភាពសហគមន៍ក៏ដោយ ក៏ចិត្តរបស់លោកស្រីនៅតែស្ថិតនៅជាមួយជនភៀសសឹកទាំងអស់។ លោកស្រីបានសរសេររៀបរាប់ជាភាសាខ្មែរ និងអង់គ្លេសប្រកបដោយមនោសញ្ចេតនាថា៖ «ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ»។

គួររំលឹកថា បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានប្រកាសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មានពលរដ្ឋចំនួន២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ៕

Share.