ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែង និងការពង្រឹងសមត្ថភាពរយៈពេល១៨សប្តាហ៍ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី៥ របស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) បានរកឃើញ Startup ឆ្នើមចំនួន៥ក្រុម ដែលទទួលបានទុនវិនិយោគមិនយកភាគហ៊ុនសរុប១២០លានរៀល។

ពិធីប្រកាសជ័យលាភី ត្រូវបានធ្វើឡើងក្នុងកម្មវិធី «ថ្ងៃបទបង្ហាញជាសាធារណៈ» (Demo Day) នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier ភ្នំពេញ ដោយមានការចូលរួមពីវិនិយោគិន ដៃគូអភិវឌ្ឍន៍ សហគ្រិន និងតំណាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា។

ក្នុងចំណោមបេក្ខជនដាក់ពាក្យសរុប៦៦ក្រុម មានតែ១២ក្រុមប៉ុណ្ណោះដែលត្រូវបានជ្រើសរើសចូលកម្មវិធី ហើយ៩ក្រុមបានឈានដល់វគ្គពន្លឿនអាជីវកម្ម មុនពេលជ្រើសរើសជ័យលាភី៥ក្រុម ដោយផ្អែកលើវឌ្ឍនភាព សមត្ថភាពអនុវត្តផែនការអាជីវកម្ម និងសក្ដានុពលក្នុងការរីកលូតលាស់។

ជ័យលាភីរួមមាន SMEAN AI ទទួលបានពាន Top Performance និងទុន៤០លានរៀល។ ក្រុម AVA Hospitality និង UMAMI ទទួលបានពាន Excellence និងទុន២៥លានរៀលក្នុងមួយក្រុម ខណៈ HORPAO និង EZEPOS ទទួលបានពាន Merit និងទុន១៥លានរៀលក្នុងមួយក្រុម។

ឯកឧត្តមបណ្ឌិត តាំង នួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែជាការប្រកួតប្រជែងនោះទេ ប៉ុន្តែជាវេទិកាជួយឱ្យសហគ្រិនវ័យក្មេងអភិវឌ្ឍគំនិតអាជីវកម្ម យល់ពីតម្រូវការទីផ្សារ និងត្រៀមខ្លួនទាក់ទាញការវិនិយោគ ដើម្បីពង្រីកអាជីវកម្មនាពេលអនាគត។

Share.