ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានអំពាវនាវដល់មន្ត្រីទាំងអស់ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ មិនត្រូវយកប័ណ្ណសម្គាល់ខ្លួន ឯកសារសម្គាល់អត្តសញ្ញាណ និមិត្តសញ្ញា ឬឯកសណ្ឋានរបស់ស្ថាប័ន ទៅប្រើប្រាស់ដើម្បីធានាបំណុល ខ្ចីប្រាក់ ឬទទួលបានផលប្រយោជន៍ឯកជននោះទេ ដោយចាត់ទុកថា ជាទង្វើផ្ទុយនឹងបទវិន័យ និងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន។
សូមចុចអាន៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ មន្រ្តីនគរបាលមិនអាចអន្តរាគមន៍លើករណីដែលខ្លួនពាក់ព័ន្ធបានឡើយ

លោក ទូច សុឃៈ បានលើកឡើងថា នាពេលថ្មីៗនេះ មានករណីមួយចំនួនដែលម្ចាស់បំណុលបានយករូបភាពប័ណ្ណសម្គាល់ ឬឯកសណ្ឋានរបស់មន្ត្រីនគរបាលទៅបង្ហោះលើបណ្ដាញសង្គម ដើម្បីដាក់សម្ពាធឱ្យអ្នកជំពាក់ចូលខ្លួនដោះស្រាយបំណុល។ លោកបញ្ជាក់ថា ការយកឯកសារសម្គាល់ក្នុងនាមមន្ត្រីទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាការបំពានបទវិន័យ ព្រោះឯកសារទាំងនោះមានគោលបំណងសម្រាប់បំពេញភារកិច្ចបម្រើសាធារណជនតែប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានប្រគល់ភារកិច្ចឱ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ ស្រាវជ្រាវរាល់ករណីដែលមានការយកអត្តសញ្ញាណ ឬឯកសារសម្គាល់របស់មន្ត្រីទៅប្រើប្រាស់ក្នុងគោលបំណងឯកជន ដើម្បីចាត់វិធានការតាមបទវិន័យ និងនីតិវិធីជាធរមាន ប្រសិនបើរកឃើញថាមានការប្រព្រឹត្តពិតប្រាកដ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មទាំងអស់ កុំទទួលយកប័ណ្ណសម្គាល់ ឯកសារសម្គាល់ ឬឯកសណ្ឋានរបស់មន្ត្រីរដ្ឋ ជាវត្ថុធានាក្នុងការខ្ចីប្រាក់ ឬប្រតិបត្តិការផ្សេងៗ ហើយប្រសិនបើប្រទះឃើញករណីបែបនេះ សូមផ្តល់ព័ត៌មានមកអង្គភាពមានសមត្ថកិច្ច ដើម្បីពិនិត្យ និងចាត់វិធានការតាមច្បាប់។
លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ក្នុងករណីមានវិវាទបំណុល ឬការរំលោភកាតព្វកិច្ចរវាងភាគីនានា ម្ចាស់បំណុលអាចស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ដូចជាស្នើសុំការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ឬដាក់បណ្តឹងទៅតុលាការ ជាជាងយកអត្តសញ្ញាណ ឬឯកសាររបស់ស្ថាប័នរដ្ឋទៅផ្សព្វផ្សាយ ដែលអាចបង្កឱ្យសាធារណជនយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីភាគច្រើនដែលកំពុងបំពេញភារកិច្ចដោយសុចរិត និងគោរពវិន័យ។
ជាចុងក្រោយ លោកបានអំពាវនាវដល់មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការយកប័ណ្ណសម្គាល់ ឯកសារសម្គាល់ ឬអត្តសញ្ញាណជាមន្ត្រីទៅប្រើប្រាស់ដើម្បីធានាបំណុល ឬស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយព្រមានថា អ្នកប្រព្រឹត្តល្មើសនឹងត្រូវទទួលរងវិធានការវិន័យស្របតាមបទប្បញ្ញត្តិដែលអនុវត្តចំពោះក្របខ័ណ្ឌរបស់ខ្លួន៕
