អង់គ្លេស – ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា កើតមានហេតុការណ៍ផ្ទុះ និងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រឧស្សាហកម្មមួយកន្លែង ក្នុងខេត្ត Essex។ នាយកដ្ឋានពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ខេត្ត Essex នៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស ទទួលបានរបាយការណ៍អំពីអគ្គិភ័យនៅម្តុំផ្លូវ South End Road ជិតភូមិ Rettendon ភាគខាងត្បូងក្រុង Chelmsford មុនពេលចាត់កម្លាំងបាញ់ទឹក និងជួយសង្គ្រោះជាង ១០០ នាក់ ចុះទៅគ្របគ្រងស្ថានការណ៍។

ក្នុងអំឡុងពេលប្រតិបត្តិការ អណ្តាតភ្លើងបានឆាបឆេះរាលដាលទៅដល់អគារស្តុកជីកសិកម្ម បណ្តាលឱ្យកើតមានការផ្ទុះយ៉ាងខ្លាំងក្លា រហូតបង្កើតជាដុំភ្លើងដ៏ធំបាញ់ឡើងទៅលើអាកាស។ កម្លាំងនៃការផ្ទុះនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់ជាច្រើនក្នុងខេត្ត Essex ឮសំឡេង និងមានអារម្មណ៍ញ័ររន្ធត់។

លោក Dave Bond មន្ត្រីនៃនាយកដ្ឋានពន្លត់អគ្គិភ័យ បានថ្លែងថា ខណៈពេលដែលមន្ត្រីកំពុងបំពេញភារកិច្ច ជីដែលនៅក្នុងអគារមួយបានផ្ទុះឡើង ធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងខេត្តរាយការណ៍ថាបានឮសំឡេង និងមានអារម្មណ៍រញ័រភ័យ។ ហេតុការណ៍នេះជាមូលហេតុដែលត្រូវប្រកាសអាសន្នជាស្ថានការណ៍បន្ទាន់កម្រិតធ្ងន់ធ្ងរ។

បច្ចុប្បន្ន គ្មានហានិភ័យបន្ថែមទៀតដល់ប្រជាពលរដ្ឋទូទៅនោះទេ ហើយមន្ត្រីទាំងអស់នៅតំបន់នោះមានសុវត្ថិភាព។ ចំណែកឯប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ត្រូវបានជម្លៀសចេញពីតំបន់រួចរាល់ហើយ។ ហេតុការណ៍អគ្គិភ័យនេះ ក៏បានបង្កការខូចខាតដល់អគារជាច្រើន និងយានយន្តដែលនៅក្នុងតំបន់កសិកម្មក្បែរនោះផងដែរ។

អាជ្ញាធររំពឹងថា ភ្លើងអាចនឹងបន្តឆេះរហូតដល់ថ្ងៃសៅរ៍ (តាមម៉ោងក្នុងស្រុក)។ អាជ្ញាធរក៏បានស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ បិទទ្វារ និងបង្អួច ដើម្បីចៀសវាងផលប៉ះពាល់ពីផ្សែងហុយយ៉ាងច្រើនដែលកំពុងគ្របដណ្តប់លើតំបន់នោះ។

រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ថាមានអ្នកស្លាប់ ឬរងរបួសពីហេតុការណ៍នេះនៅឡើយទេ។ មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជាក់ថា ទោះបីជានៅមានផ្សែងច្រើនក៏ដោយ ប៉ុន្តែអាចគ្របគ្រងរង្វង់អគ្គិភ័យបានហើយ ហើយនឹងប្រញាប់ស៊ើបអង្កេតស្វែងរកមូលហេតុនៃអគ្គិភ័យនេះបន្តទៀត៕

Share.