ថៃ៖ ហេតុការណ៍ខ្យល់ព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបន្តបន្ទាប់គ្នាយ៉ាងយូរជិតមួយម៉ោង នៅក្នុងតំបន់សាលាក្រុងបុរីរ៉ាំ ស្រុកមឿង ខេត្តបុរីរ៉ាំ កាលពីព្រលប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ បានបណ្តាលឱ្យកើតមានបញ្ហាទឹកហូរហៀរចេញពីលូបង្ហូរទឹក រហូតលិចផ្លូវជាច្រើនខ្សែ មានកម្ពស់ខ្ពស់ជាង ៥០ សង់ទីម៉ែត្រ។ តំបន់ខ្លះ ធ្វើឱ្យរថយន្ត និងម៉ូតូដែលចតចោលត្រូវរងការខូចខាតដោយសារទឹកលិច រហូតត្រូវជួយគ្នារុញគេចឡើងទៅទីទួលសុវត្ថិភាព។

ក្រៅពីនេះ រលកទឹកដែលបង្កឡើងដោយរថយន្តបើកបរឆ្លងកាត់ និងទឹកដែលហូរហៀរចេញពីលូ បានហូរបុ.កចូលលិចផ្ទះប្រជាពលរដ្ឋ អស់រាប់សិបខ្នងផ្ទះ ក្នុងកម្ពស់មិនទាបជាង ២០ សង់ទីម៉ែត្រឡើយ រហូតធ្វើឱ្យអ្នកភូមិត្រូវប្រញាប់ប្រញាល់រៀបចំរើអីវ៉ាន់ និងឧបករណ៍អគ្គិសនីឡើងទៅទីខ្ពស់ ដើម្បីការពារកុំឱ្យឆ្លងចរន្តអគ្គិសនី។

មូលហេតុបឋម ត្រូវបានគេសន្និដ្ឋានថា កើតចេញពី ស្ទះលូបង្ហូរទឹក ដោយសារកាកសំណល់ សំរាម និងថង់ប្លាស្ទិក ធ្វើឱ្យទឹកមិនអាចរំដោះបានតាមធម្មតា រហូតបណ្តាលឱ្យមានការលិចលង់អូសបន្លាយពេលជាច្រើនម៉ោង។ ប្រជាពលរដ្ឋនៅក្នុងតំបន់បានឱ្យដឹងថា បញ្ហាទឹកលិចដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់សាលាក្រុងបុរីរ៉ាំនេះ កើតឡើងជាទៀងទាត់ជាមធ្យមមិនតិចជាង ៩ ដងក្នុងមួយឆ្នាំឡើយ ហើយនៅក្នុងឆ្នាំនេះកើតឡើងប្រមាណ ៣-៤ ដងមកហើយ ដោយលើកនេះចាត់ទុកថាធ្ងន់ធ្ងរបំផុត។

ប្រជាពលរដ្ឋម្នាក់បានរៀបរាប់ដោយក្តីក្តុកក្តួលថា ហេតុការណ៍នេះកើតឡើងញឹកញាប់ពេករហូតដល់ថ្នាក់អង្គុយយំ ដោយសាររស់នៅតែពីរនាក់តាយាយ ធ្វើឱ្យការប្រមូលសម្អាតផ្ទះសម្បែងក្រោយពេលទឹកស្រកជួបការលំបាកជាខ្លាំង៕

Share.