បទវិភាគ​ដោយ​ សុភល័ក្ខណ៍ កាញ្ចនៈឃុនឌី ៖ បេសកកម្មទស្សនកិច្ចនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី អនុទិន ឆានវីរ៉ាកូល (Anutin Charnvirakul) ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកក្កដា ដើម្បីចូលរួមសន្និសីទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតពិភពលោក អាចមើលទៅដូចជាបេសកកម្មជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាសំខាន់។ ប៉ុន្តែ ព្រឹត្តិការណ៍នេះបានផ្ញើសារបង្កប់ន័យត្រឡប់មកកាន់ប្រទេសថៃវិញថា ជម្លោះជាមួយកម្ពុជាកំពុងតែកាត់បន្ថយសមត្ថភាពទូតរបស់ថៃ ទាំងនៅក្នុងកម្រិតទ្វេភាគី និងកម្រិតអនុតំបន់។

អ្វីដែលលោកនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រជាជនក្នុងស្រុក គឺថៃមិនត្រឹមតែត្រូវប្រគល់តួនាទីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងឱ្យទៅចិនទទួលខុសត្រូវជំនួសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវស្នើសុំការអះអាងពីចិនពាក់ព័ន្ធនឹងអាវុធដែលបានបញ្ជូនមកឱ្យកម្ពុជា ព្រមទាំងបើកចំហរទទួលយកសំណើឱ្យចិនជួយសម្រួលដល់ការចរចាដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរទៀតផង។

កត្តាទាំងអស់នេះបានធ្វើឱ្យចិនមានតួនាទីកើនឡើង ប៉ុន្តែប្រសិនបើយើងទៅបន្ទោសថា ដោយសារតែទីក្រុងប៉េកាំងចង់ចូលមកដណ្តើមយកទីតាំងទូតរបស់ថៃទាំងអស់នោះ គឺមិនត្រឹមត្រូវនោះទេ។ ព្រោះតែថៃខ្លួនឯងទេ ដែលកំពុងធ្វើឱ្យទីតាំងនោះទំនេរ ដោយសារតែខ្វះសមត្ថភាពក្នុងការរក្សាទំនាក់ទំនង និងប្រព័ន្ធទំនាក់ទំនងចរចាជាមួយប្រទេសជិតខាងរបស់ខ្លួន។ ទំនាក់ទំនងការទូតរវាងថៃ និងកម្ពុជា បានឈានដល់ចំណុចធ្លាក់ចុះអាក្រក់បំផុត នៅពេលដែលកើតមានការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនកាលពីឆ្នាំមុន។ ប្រទេសទាំងពីរបានបន្ថយកម្រិតទំនាក់ទំនងការទូតរវាងគ្នា ហើយនៅតែមិនទាន់ស្វែងរកផ្លូវដើម្បីសម្រុះសម្រួលគ្នានៅឡើយ បើទោះបីជាមានការបទឈប់បាញ់គ្នារយៈពេលជាច្រើនខែមកហើយក៏ដោយ។ ប៉ុន្តែ នៅតែគ្មានសញ្ញាថា ប្រទេសទាំងពីរនឹងអាចបង្កើតបរិយា កាសនៃទំនុកចិត្តរវាងគ្នានិងគ្នា ដើម្បីកសាងផ្លូវទៅកាន់ការកែលម្អទំនាក់ទំនងបានដោយរបៀបណានោះឡើយ។

ដោយសារតែទំនាក់ទំនងបែបនោះ បូករួមនឹងបរិយាកាសតានតឹងរវាងប្រទេសទាំងពីរជាប្រចាំ កម្ពុជាបានផ្ញើសារ​យ៉ាងច្បាស់លាស់ថា មិនចង់មានផ្នែកពាក់ព័ន្ធក្នុងដំណើរការការទូតជាមួយប្រទេសថៃឡើយ មិនថាក្នុងរឿងអ្វីក៏ដោយ។ ថ្មីៗនេះ គឺការបដិសេធមិនបញ្ជូនតំណាងឱ្យចូលរួមកិច្ចប្រជុំមិនផ្លូវការរបស់ក្រុមអាស៊ាននៅទីក្រុងបាងកក ដើម្បីស្វែងរកផ្លូវបញ្ចប់វិបត្តិហិង្សានៅភូមា នៅពេលដែលថៃធ្វើជាអ្នកសម្របសម្រួលឱ្យរដ្ឋមន្ត្រីការបរទេសភូមា លោក ទីន ម៉ោង ស្វេ (Tin Maung Swe) បានជួបជាមួយលោកស្រី ថេរេសា ឡាហ្សារ៉ូ (Theresa Lazaro) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន រួមទាំងរដ្ឋមន្ត្រីមកពីប្រទេសអាស៊ានផ្សេងទៀត កាលពីថ្ងៃទី ១២ ខែកក្កដាកន្លងទៅ។

បញ្ហានៅក្នុងបរិបទនៃទំនាក់ទំនងពហុភាគីដែលពាក់ព័ន្ធនឹងចិនផងនោះ គឺប្រទេសថៃមានភារកិច្ចត្រូវធ្វើជាប្រធានរួមនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong Cooperation – LMC) ក្នុងអំឡុងឆ្នាំ ២០២៤-២០២៥ និងមានកាតព្វកិច្ចត្រូវរៀបចំកិច្ចប្រជុំកំពូលចាប់តាំងពីឆ្នាំមុនមក។ ប៉ុន្តែដោយសារតែហេតុការណ៍ប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនជាមួយកម្ពុជា កាលពីពាក់កណ្តាលឆ្នាំរហូតដល់ចុងឆ្នាំមុន បានធ្វើឱ្យមិនអាចរៀបចំកិច្ចប្រជុំសំខាន់នោះបាន រហូតត្រូវពន្យារពេលរហូតមក។

LMC គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍអាងទន្លេមេគង្គ ដែលមានចិនជាអ្នកផ្ដើមគំនិត ដោយមានសមាជិកចំនួន ៦ ប្រទេសនៅតាមអាងទន្លេមេគង្គ គឺ ចិន ថៃ ឡាវ ភូមា កម្ពុជា និងវៀតណាម។ កិច្ចប្រជុំកម្រិតកំពូលដែលរៀបចំឡើង ២ ឆ្នាំម្តង គឺដើម្បីភាក្សាលើនយោបាយ និងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍរួមគ្នារយៈពេលវែង។ ប្រសិនបើខ្វះសមាជិកណាមួយ វានឹងធ្វើឱ្យកិច្ចប្រជុំមិនពេញលេញ និងបង្ហាញឱ្យឃើញពីការខ្វះភាពជាធ្លុងមួយនៃប្រទេសសមាជិក ហើយអ្វីដែលសំខាន់ វាក៏បញ្ជាក់ពីអំណាច និងបារមីរបស់ប្រទេសម្ចាស់ផ្ទះផងដែរ។

ការព្យាយាមលើកចុងក្រោយរបស់ថៃ ដើម្បីឱ្យបេសកកម្មនេះសម្រេចបាន បានកើតឡើងកាលពីខែមីនាឆ្នាំនេះ នៅពេលដែលថៃធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី LMC Week 2026 ដែលចាត់ទុកថាកំពុងរៀបចំខ្លួនដើម្បីឈានទៅដល់កិច្ចប្រជុំកំពូលលើកទី ៥ ឱ្យបាននៅក្នុងឆ្នាំនេះ។ ប៉ុន្តែ មើលទៅបរិយាកាសនៃការប្រឆាំងខ្មែរដែលកើតមានឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ បានធ្វើឱ្យថ្នាក់ដឹកនាំកម្ពុជាខ្វះទំនុកចិត្តក្នុងការចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសថៃ។

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រី អនុទិន បានបើកបង្ហាញក្រោយការពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជិនពីង របស់ចិនថា៖ «ប្រធានាធិបតីចិនបានលើកឡើងអំពីកិច្ចប្រជុំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលដើមឡើយប្រទេសថៃត្រូវធ្វើជាប្រធានរួមក្នុងការរៀបចំកិច្ចប្រជុំ ប៉ុន្តែដើម្បីការពារភាពមិនស្រួលចិត្តក្នុងការចូលរួមរបស់ប្រទេសសមាជិក ដោយឡែកគឺកម្ពុជា ប្រសិនបើត្រូវធ្វើដំណើរមកកាន់ប្រទេសថៃ ភាគីចិនក៏បានស្នើខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជំនួស ដើម្បីឱ្យដំណើរការងារអាចបន្តទៅមុខបាន»។

នៅពេលដែលកើតមានបែបនេះ ប្រសិនបើមើលក្នុងទិដ្ឋភាពការទូត គឺដូចជាប្រទេសថៃបានខាតបង់ជាច្រើនយ៉ាង៖

  • ទីមួយ៖ បាត់បង់ភាពបន្តវេននៃនយោបាយ ព្រោះកាលពីខែមីនា ក្រសួងការបរទេសបានកំណត់យកកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំជាបង្គោលចរណ៍សំខាន់នៃតួនាទីរបស់ថៃ ប៉ុន្តែត្រឹមតែប៉ុន្មានខែក្រោយមក ជម្លោះជាមួយកម្ពុជាបែរជាធ្វើឱ្យផែនការនោះមិនអាចបន្តនៅក្នុងប្រទេសថៃបានឡើយ។ នេះឆ្លុះបញ្ចាំងពីគម្លាតរវាងមហិច្ឆតាការទូត និងសមត្ថភាពក្នុងការរក្សាលក្ខខណ្ឌចាំបាច់សម្រាប់ការអនុវត្តនយោបាយ។
  • ទីពីរ៖ បាត់បង់សមត្ថភាពក្នុងការកោះប្រជុំ ព្រោះថៃក្នុងនាមជាប្រទេសម្ចាស់ផ្ទះ មិនមែនមាននាទីត្រឹមតែរៀបចំទីកន្លែងនោះទេ ប៉ុន្តែត្រូវបង្កើតលក្ខខណ្ឌឱ្យសមាជិកទាំងអស់អាចចូលរួមបាន។ ប៉ុន្តែនៅពេលដែលថៃមិនអាចបំបែកជម្លោះទ្វេភាគីជាមួយកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការកម្រិតអនុតំបន់បាន រហូតដល់ចិនត្រូវស្នើខ្លួនធ្វើជាម្ចាស់ផ្ទះជំនួស។
  • ទីបី៖ បាត់បង់អំណាចក្នុងការកំណត់របៀបវារៈ (Agenda setting authority) ព្រោះកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំគឺជាឱកាសឱ្យម្ចាស់ផ្ទះកំណត់ប្រធានបទដឹកនាំ ជំរុញលទ្ធផលនៃកិច្ចប្រជុំ ចាត់ចែងការពិភាក្សាក្រៅផ្លូវការជាមួយប្រទេសផ្សេងៗបែបទ្វេភាគី បង្ហាញតួនាទីដឹកនាំចំពោះសមាជិក និងសាធារណជន ព្រមទាំងភ្ជាប់គម្រោងក្នុងស្រុកទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ នៅពេលដែលទីតាំងត្រូវផ្លាស់ទៅចិន ទោះបីជាថៃអាចនៅតែមានស្ថានភាពជាប្រធានរួម ប៉ុន្តែអំណាចក្នុងការអនុវត្តជាក់ស្តែងរបស់ម្ចាស់ផ្ទះ ប្រាកដជារំកិលផ្លាស់ទីទៅតាមនោះដែរ។
  • ប្រការចុងក្រោយ៖ បាត់បង់រឿងរ៉ាវតាំងខ្លួន (Narrative) ដែលថៃបានបង្កើតឡើងដោយខ្លួនឯង។ ក្រសួងការបរទេសថៃបានប្រើប្រាស់ពាក្យថា “តួនាទីសកម្មរបស់ថៃ” (Thailand’s proactive role) ប៉ុន្តែការដែលចាំបាច់ត្រូវផ្លាស់ប្តូរកិច្ចប្រជុំចេញពីថៃដោយសារតែបញ្ហាកើតឡើងជាមួយប្រទេសសមាជិក ធ្វើឱ្យពាក្យថា “តួនាទីសកម្ម” ត្រូវគេចោទសួរយ៉ាងប្រាកដថា តើនៅតែអាចធ្វើទៅបានទៀតដែរឬយ៉ាងណា?

អ្វីដែលគួរឱ្យគិតរឹតតែខ្លាំងជាងនេះទៅទៀតនោះគឺ ក្នុងការជួបជាមួយលោក ស៊ី ជិនពីង លើកដដែលនោះ លោកនាយករដ្ឋមន្ត្រីថៃថែមទាំងបានលើកយករឿងរថក្រោះចិនដែលបានបញ្ជូនមកឱ្យកម្ពុជា ទៅស្នើសុំការបំភ្លឺ និងការធានាអះអាងថា អាវុធទាំងនោះនឹងមិនត្រូវយកទៅប្រើប្រាស់ធ្វើឱ្យមានគ្រោះថ្នាក់ដល់ថៃឡើយ។ ចិនក៏បានបង្ហាញខ្លួននៅក្នុងទំនាក់ទំនងត្រីកោណនេះ ក្នុងពេលតែមួយជាមួយនឹងតួនាទីពីរយ៉ាង គឺធ្វើជាទាំងអ្នកលក់អាវុធ និងជាអ្នកផ្តល់ការធានាអះអាងថា វានឹងមិនក្លាយជាការគំរាមកំហែងដល់ថៃឡើយ។

បណ្តាមេដឹកនាំនយោបាយ កងទ័ព និងក្រុមជាតិនិយមស្តាំនិយមរបស់ថៃ បានបង្ហាញអាការៈព្រួយបារម្ភយ៉ាងខ្លាំង រហូតចេញមុខចេញមាត់ នៅពេលដែលលេចឮរបាយការណ៍ព័ត៌មានកាលពីខែមិថុនាកន្លងទៅថា កងទ័ពកម្ពុជាបានទទួលការប្រគល់រថក្រោះ T-59D ឡូត៍ដំបូងចំនួន ៣៩ គ្រឿងពីប្រទេសចិន។ ពួកគេបាននាំគ្នាបញ្ចេញមតិក្នុងន័យដាក់សម្ពាធឱ្យចិនផ្អាក ឬពន្យារពេលការបញ្ជូនគ្រឿងយុទ្ធបំពាក់ទាំងនោះមកឱ្យកម្ពុជា ឬអ្នកខ្លះទៀតបានបកស្រាយទៅឆ្ងាយរហូតដល់ថ្នាក់ចិនកាន់ជើងកម្ពុជា ដោយបញ្ជូនអាវុធឱ្យរដ្ឋាភិបាលក្រុងភ្នំពេញមកប្រយុទ្ធជាមួយថៃទៀតផង។

តាមពិតទៅ ចិននឹងលក់អាវុធយុទ្ធភណ្ឌឱ្យប្រទេសណាក៏ដោយ ក៏មិនគួរណាថ្នាក់ដឹកនាំថៃលើកយកមកធ្វើជាប្រធានបទពិភាក្សាកម្រិតជាន់ខ្ពស់នោះឡើយ ព្រោះទោះបីជាវាជាសិទ្ធិរបស់ថៃក្នុងការបង្ហាញការព្រួយបារម្ភបែបនោះក្តី ប៉ុន្តែវាក៏ជាសិទ្ធិស្របច្បាប់របស់ប្រទេសអ្នកទិញ និងអ្នកលក់ដូចគ្នាដែរ។ ម្យ៉ាងទៀត ថៃខ្លួនឯងក៏បានទិញយុទ្ធភណ្ឌពីចិនមិនតិចដែរ ដែលថ្មីៗនេះគឺនាវាមុជទឹក ប៉ុន្តែមិនដែលលេចឮព័ត៌មានថា ប្រទេសជិតខាងដូចជាកម្ពុជា ទៅបង្ហាញការព្រួយបារម្ភជាមួយថ្នាក់ដឹកនាំចិនថា នាវាមុជទឹករបស់ចិនដែលលក់ឱ្យថៃនឹងក្លាយជាការគំរាមកំហែងខាងសមុទ្រដល់កម្ពុជា ដែលមានបញ្ហាវិវាទតំបន់ដែនសមុទ្រទាមទារសិទ្ធិជាន់គ្នានោះឡើយ។

ប៉ុន្តែនៅពេលដែលលោកនាយករដ្ឋមន្ត្រីថៃសុខចិត្តធ្វើឱ្យរឿងនេះក្លាយជាប្រធានបទ ទីក្រុងប៉េកាំងក៏ត្រូវឆ្លើយតបទៅតាមការគួរសមក្នុងន័យថា៖ «យល់ពីការព្រួយបារម្ភរបស់រដ្ឋាភិបាល និងប្រជាជនថៃយ៉ាងច្បាស់ ប៉ុន្តែបញ្ជាទិញទាំងនោះបានកើតឡើងជាយូរមកហើយ មុនពេលដែលមានជម្លោះ ឬការប្រយុទ្ធគ្នា ដែលនៅក្នុងអំឡុងពេលប្រយុទ្ធគ្នា ចិនដឹងពីភាពប៉ះពាល់ផ្លូវចិត្ត ទើបបានពន្យារពេលការប្រគល់ ប៉ុន្តែចុងក្រោយក៏ត្រូវតែអនុវត្តតាមកិច្ចសន្យា។ ទោះជាយ៉ាងណាក៏ដោយ ចិនសូមផ្តល់ទំនុកចិត្តថា នៅក្នុងលក្ខខណ្ឌដែលមានរវាងគ្នា គឺបានព្រមព្រៀងគ្នាតែរឿងមួយថា នឹងមិនមានការនាំយកយុទ្ធភណ្ឌទាំងនេះ មកបង្កឱ្យមានការខូចខាតដល់ប្រទេសថៃយ៉ាងដាច់ខាត»។

ប៉ុន្តែផលនៃការបង្ហាញចេញបែបនោះរបស់ចិន បានធ្វើឱ្យកើតមានស្ថានភាពផ្ទុយស្រឡះនៅក្នុងទំនាក់ទំនងត្រីកោណរវាង ថៃ-ចិន-កម្ពុជា ក្នុងលក្ខណៈដែលថា កាន់តែថៃបង្ហាញភាពមិនទុកចិត្តលើកម្ពុជា ថៃរឹតតែត្រូវពឹងផ្អែកលើចិនឱ្យជួយស្វែងរកការធានា ក្នុងការចាត់ចែងភាពមិនទុកចិត្តនោះ។ ប្រាកដណាស់ ចិនមិនចាំបាច់ត្រូវឈប់លក់អាវុធ ឬជ្រើសរើសខាងណាមួយឡើយ គ្រាន់តែផ្តល់ការធានាអះអាងខាងនយោបាយ ក៏អាចរក្សាទំនាក់ទំនងជាមួយប្រទេសទាំងពីរ និងបង្កើនស្ថានភាពរបស់ខ្លួនក្នុងនាមជាអ្នកធានាសន្តិភាពនៅក្នុងតំបន់បានយ៉ាងស្រួល។

នោះហើយទើបក្លាយជាប្រភពនៃការគូសបញ្ជាក់កាន់តែច្បាស់ពីតួនាទីជាអ្នកសម្របសម្រួល (Facilitator) ក្នុងការស្វែងរកសន្តិភាពរវាងប្រទេសជិតខាងដែលមានជម្លោះនឹងគ្នា ដែលមិនថាមានអ្នកចូលចិត្តឬមិនចូលចិត្តก็ตาม ក៏ធ្វើឱ្យជម្លោះរវាងថៃ និងកម្ពុជា មិនអាចកម្រិតត្រឹមតែនៅក្នុងក្របខ័ណ្ឌទ្វេភាគីបានទៀតឡើយ។ ចិនមិនត្រឹមតែមានតួនាទីកាន់តែច្រើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអំណាចតស៊ូមតិកាន់តែខ្លាំងឡើងទៀតផង។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងទីនេះក៏គួរតែនិយាយផងដែរថា ចិនធ្លាប់បានរៀបចំការពិភាក្សាត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសថៃ កម្ពុជា និងចិន នៅខេត្តយូនណាន ក្រោយការប៉ះទង្គិចជុំទីពីរនៅខែធ្នូឆ្នាំមុន ដើម្បីទប់ទល់ការបទឈប់បាញ់ និងស្តារទំនុកចិត្តរវាងគ្នានិងគ្នាឡើងវិញ។ ដូច្នេះ សំណើលើកចុងក្រោយនេះក៏មិនមែនជារឿងថ្មីដែរ ប៉ុន្តែជាការផ្លាស់ប្តូរ និងធ្វើឱ្យតួនាទីដើមរបស់ចិនក្លាយជាអ្វីដែលជៀសមិនរួចឡើយ ព្រោះកន្លងផុតទៅជាច្រើនខែហើយ ថៃនិងកម្ពុជានៅតែមិនទាន់អាចផ្លាស់ប្តូរការបទឈប់បាញ់ ឱ្យក្លាយជាទំនាក់ទំនងធម្មតាបាននៅឡើយ។

ទាំងអស់នេះបាននាំទៅរកភាពផ្ទុយស្រឡះសំខាន់នៃនយោបាយការបរទេសថៃ៖ រដ្ឋាភិបាលលោក អនុទិន បានបង្ហាញជំហររឹងតតាំងចំពោះកម្ពុជា ដើម្បីអះអាងថាថៃនឹងមិនยอมឱ្យប្រទេសជិតខាងដាក់សម្ពាធ ឬកម្រិតអំណាចអធិបតេយ្យភាពរបស់ខ្លួនឡើយ។ ប៉ុន្តែជម្លោះដែលអូសបន្លាយបែរជាធ្វើឱ្យថៃមិនអាចរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងតាមដែលបានប្រកាសទុក រហូតត្រូវប្រគល់ឱ្យចិនទទួលខុសត្រូវធ្វើជាម្ចាស់ផ្ទះជំនួស ថែមទាំងត្រូវស្នើសុំការធានាពីចិនថាអាវុធដែលបញ្ជូនមកឱ្យកម្ពុជានឹងមិនត្រូវយកមកប្រើប្រាស់ប្រឆាំងនឹងថៃ ហើយបើកចំហរទទួលយកសំណើឱ្យចិនជួយសម្រួលក្នុងការស្តារការចរចារវាងប្រទេសទាំងពីរឡើងវិញ។

និយាយម៉្យាងទៀត កាន់តែថៃព្យាយាមបង្ហាញភាពរឹងតតាំងចំពោះកម្ពុជាខ្លាំងប៉ុណ្ណា ថៃបែរជាកាន់តែត្រូវពឹងផ្អែកលើចិនក្នុងការចាត់ចែងទំនាក់ទំនងជាមួយកម្ពុជាកាន់តែខ្លាំងឡើងប៉ុណ្ណោះ។ តាមពិតទៅ ចិនមិនចាំបាច់ត្រូវរុញថៃចេញពីឆាកនយោបាយឡើយ ព្រោះជម្លោះដែលថៃមិនអាចចាត់ចែងបាន កំពុងតែធ្វើឱ្យថៃកាត់បន្ថយតួនាទីរបស់ខ្លួនឯង។

ភាពរឹងមាំខាងការទូត ដូច្នេះហើយមិនមែនវាស់វែងនៅលើភាពរឹងតតាំងចំពោះប្រទេសជិតខាងនោះទេ ប៉ុន្តែវាស់វែងលើសមត្ថភាពក្នុងការគ្រប់គ្រងជម្លោះ ការបែងចែកវិវាទចេញពីផលប្រយោជន៍រួម និងការរក្សាអំណាចតស៊ូមតិរបស់ប្រទេសទុកឱ្យបាន។ ប្រសិនបើមិនអាចធ្វើបែបនោះបានទេ នយោបាយដែលមើលទៅដូចជាការការពារអធិបតេយ្យភាពក្នុងរយៈពេលខ្លី បែរជាបញ្ចប់ទៅដោយការកាត់បន្ថយឯករាជ្យភាព និងអំណាចតស៊ូមតិនៃប្រទេសថៃក្នុងរយៈពេលវែងទៅវិញ៕

https://troryorng.com/
Share.