ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា សត្វផ្សោតមួយក្បាល ដែលមានលេខសម្គាល់ ០១៨ ត្រូវបានប្រទះឃើញងាប់នៅចំណុចកំពង់ចម្លងស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

តាមការពិនិត្យរបស់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WWF បានបញ្ជាក់ថា ផ្សោតនេះជាផ្សោតឈ្មោល អាយុប្រមាណ ១២-១៤ឆ្នាំ ប្រវែង ២ម៉ែត្រ ទម្ងន់ ៦៤គីឡូក្រាម និងធ្លាប់រស់នៅតំបន់អន្លង់កាំពី ខេត្តក្រចេះ។

ក្រសួងបានឱ្យដឹងថា ផ្សោតលេខសម្គាល់ ០១៨ គឺជាផ្សោតដដែលដែលប្រជានេសាទបានជួយសង្គ្រោះ និងដោះលែងពីមងនេសាទ កាលពីថ្ងៃទី២១ ខែកក្កដា ក្នុងស្ថានភាពសុខភាពទន់ខ្សោយ។ លទ្ធផលកោសល្យវិច័យបង្ហាញថា ផ្សោតនេះអាចបានទាក់ជាប់សន្ទូចរនងជាមុនសិន មុននឹងជាប់មងនេសាទបន្ថែមទៀត ដែលបណ្ដាលឱ្យស្លាប់ និងអណ្តែតមកដល់ទីតាំងខាងលើ។

ជាមួយគ្នានេះ ក្រសួងកសិកម្មបានសម្តែងការសោកស្តាយចំពោះការបាត់បង់សត្វផ្សោតដ៏កម្រនេះ និងអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីរួមចំណែកការពារ និងអភិរក្សសត្វផ្សោតដែលនៅសេសសល់សម្រាប់ជំនាន់ក្រោយ។

Share.