ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមផ្លូវ និងតាមផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧ នៅតាមផ្លូវលេខ៦០៨Z ស្ថិតក្នុងភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សឿន ឆែប ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

តាមនគរបាលបានឱ្យដឹងថា ជនសង្ស័យបានជិះកង់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចផ្ទះលេខ៧២ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៣២៧ ក្នុងភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ហើយបានជិះគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរបាលតាមឃាត់ខ្លួនបានភ្លាមៗ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កង់មួយគ្រឿង សាក់កាដូពណ៌ប្រផេះមួយ ក្នុងនោះមាន កន្ត្រៃមួយ ដង្កាប់៣ កាំបិតច្នៃ១ កាំបិតផ្លែឡាម១ កូនកាំបិតចុងស្រួច១ កាំបិតបុ័ងតោ១ និងខ្សែភ្លើងព្រមទាំងទុយោស្ពាន់ដែលបានកាត់រួច។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.