ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិថៃចំនួន ៣៩នាក់ ក្នុងនោះស្រី ១៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពួកគេពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែនដោយខុសច្បាប់ និងចូលក្នុងទីលានយោធាដោយទុច្ចរិត។



ការបណ្ដេញចេញនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានអនុវត្តការបណ្ដេញជនជាតិថៃទាំង ៣៩នាក់ តាមនីតិវិធីច្បាប់ តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីរកឃើញថា ពួកគេបានលួចឆ្លងដែនចូលមកកម្ពុជា និងចូលក្នុងទីលានយោធាដោយទុច្ចរិត។
វិធានការនេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជា ក្នុងការទប់ស្កាត់ការចូលស្នាក់នៅដោយខុសច្បាប់ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអធិបតេយ្យភាពរបស់ប្រទេស៕

