ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី១២ ឈ្មោះ ណូល (Noul) នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះនេះឡើយ។


តាមស្រសួងធនធានទឹកបានឲ្យដឹងថា ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ ៣០% នៃផ្ទៃដី ជាពិសេសនៅខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ។
ដោយឡែក តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ ៤០% នៃផ្ទៃដី។
សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់រហូតដល់ ៦០% នៃផ្ទៃដី ខណៈរលកសមុទ្រអាចមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ និងបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការធ្វើដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលនេះ៕

