យុទ្ធនាការលើកកម្ពស់ស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» បាននិងកំពុងជំរុញឲ្យមានកំណើននៃផលិតផលក្នុងស្រុកគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ ផលិតផលក្នុងស្រុកកើនឡើងរហូតដល់ជាង ២៣០០មុខ។ ការកើនឡើងនេះ គឺដោយសារមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ និងក៏ដោយសារតែផលិតផលក្នុងស្រុកទាំងនោះមានគុណភាព និងតម្លៃសមរម្យដែលអាចទាក់ទាញទំនុកចិត្តរបស់អ្នកប្រើប្រាស់។
សន្ទុះទឹកចិត្តគាំទ្រផលិតផលក្នុងស្រុកនេះ គឺមិនមែនកើតឡើងដោយកត្តាចៃដន់នោះឡើយ ប៉ុន្តែវាបានកើតចេញពីមនោសញ្ចេតនាជាតិនិយម និងការឈឺចាប់ពីការប្រមាថមើលងាយពីប្រទេសជិតខាង ពោលគឺប្រទេសថៃដែលបាននិងកំពុងបន្តកាន់កាប់ទឹកដី កម្ពុជាដោយខុសច្បាប់នៅតាមបណ្តាទីតាំងជាច្រើនរហូតមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
ដំណាលគ្នានឹងការកើនឡើងនៃមុខទំនិញក្នុងស្រុកនេះ ក៏មានបាតុភាពអវិជ្ជមានកើតឡើងបង្កការរំខាននិងបង្អាក់ទឹកចិត្តដល់សហគ្រាសនិងផលិតករក្នុងស្រុកផងដែរ។ការបន្តហូរចូលនៃផលិតផលក្លែងក្លាយ ការក្លែងបន្លំផលិតផល គឺជារួមទាំងករណីទំនិញគេចពន្ធ។ល។ ទាំងអស់នេះ គឺជាជំងឺមហារីកដែលកំពុងតែបំផ្លាញដល់សហគ្រាស(SME)នៅក្នុងស្រុក។ជាក់ស្តែង ថ្មីៗនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ចាប់បានផលិតផលសាប៊ូស្ពៃក្លែងក្លាយ ៧០២កេស (ស្មើនឹង ៦ ៧៣៩គីឡូក្រាម ឬជិត៧តោន) នៅទីតាំងមួយកន្លែងក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង ដែលមានប្រភពនៅពីប្រទេសចិនហើយត្រូវបានវិចខ្ចប់នៅក្នុងស្រុក។

ករណីនេះ ត្រូវបានម្ចាស់សិប្បកម្មសាប៊ូស្ពៃ បង្ហាញការឈឺចាប់ជាខ្លាំង និងទាមទាររកយុត្តិធម៌ពីអាជ្ញាធរពាក់ព័ន្ធ ដោយចាត់ទុកថា « ទង្វើនេះ ជាការរំលោភបំពាន និងក្លែងបន្លំម៉ាកផលិតផលយ៉ាងធ្ងន់ធ្ងរសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ( SMEs) កម្ពុជា»។ជាមួយគ្នានេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FSMEC) បានចេញមុខអំពាវនាវ និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចឱ្យចាត់វិធានការច្បាប់ម៉ឺងម៉ាត់ និងដាក់វិន័យធ្ងន់ធ្ងរបំផុតចំពោះជនល្មើស និងក្រុមហ៊ុនប្រព្រឹត្តអំពើក្លែងបន្លំផ្លាកសញ្ញាផលិតផល (Empress) របស់សិប្បកម្មក្នុងស្រុក LSV Industry ។
ការរកឃើញផលិតក្នុងស្រុកក្លែងក្លាយថ្មីបំផុត រួមនឹងការបន្តរកឃើញផលិតក្លែងក្លាយ ដែលនាំចូលពីក្រៅប្រទេស នាំឲ្យមានសំណួរលេចឡើងថា តើសហគ្រាសក្នុងស្រុក នឹងអាចឈរជើងឬមានអត្ថិភាពកម្រិតណានាពេលអនាគត? បើសហគ្រាសឬអ្នកផលិតក្នុងស្រុកបាក់ទឹកចិត្ត លែងផលិត សហគ្រាសត្រូវដួលរលំ តើខ្មែរនឹងមានផលិតផលក្នុងស្រុកប្រើបន្តទៅមុខទៀតយ៉ាងដូចម្តេច? តើខ្មែរនឹងអាចពង្រឹងខ្លួននិងមានមោទនភាព ដោយរបៀបណា?
ដើម្បីលើកទឹកចិត្តដល់សហគ្រាសឬផលិតករក្នុងស្រុក ស្មេរយល់ថា អាជ្ញាធរមាន សមត្ថកិច្ចនិងស្ថាប័នតុលាការអនុវត្តទោសទណ្ឌអតិបរមាតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីម៉ាកនាមពាណិជ្ជកម្ម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ចំពោះជនបង្កដោយពុំមានករណីលើកលែង។ចំពោះអ្នកប្រើប្រាស់ក្នុងស្រុក សូមបន្តគាំទ្រផលិតផលខ្មែរបន្តទៅទៀតតាមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ។យើងគប្បីចងចាំប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាថា៖ «បើយើងមិនខិតខំខ្លួនឯង បើយើងមិនខ្លាំងខ្លួនឯង គ្មានអ្នកណាជួយយើងក្រៅពីយើងជួយខ្លួនឯងឡើយ»៕


អត្ថបទ៖ត្រយង
