គោលនយោបាយ​កញ្ឆាសេរី​ នាយករដ្ឋមន្ត្រីកណ្ដុរហុចផល​ពិតៗ ​ជនបរទេសបែកកញ្ឆា​ម្នាក់ រករឿងក្នុងហាងកញ្ឆា ទះកំផ្លៀងបុគ្គលិក ហើយចេញមកដាល់ស្ត្រីពិការរហូតធ្លាក់ពីរទេះរុញ ​ដោយ​ហេតុការណ៍​នេះ​បណ្តាលឲ្យមនុស្ស ៥ នាក់រងរបួស។ ចំណែកបុគ្គលិកបានឲ្យដឹងថា ជនបង្កហេតុគឺជាជនជាតិកាតា។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ព្រលប់ថ្ងៃទី ២៦ ខែកក្កដា ដោយ​មាន​ទេសចរជនបរទេស​ម្នាក់​បានអុកឡុកនៅក្នុងហាងកញ្ឆា ក្នុងស្រុកហួហិន ខេត្តប្រជួបគីរីខន្ធ។ ជន​បង្ក​បានវាយបំផ្លាញទ្រព្យសម្បត្តិ វាយប្រហារ​លើបុគ្គ​លិក​ហាង មនុស្សម្នានៅខាងមុខហាង ព្រមទាំងបានវាយប្រហារលើស្ត្រីពិការដែលអង្គុយលើរទេះរុញលក់ផ្កា រហូតទាល់តែមានពលរដ្ឋល្អជួយគ្នាចាប់ឃាត់ខ្លួន និងរាយការណ៍ទៅប៉ូលីសប៉ុស្តិ៍ហួហិន។

យោងតាម​ប្រភព​បាន​​ប្រាប់​អ្នក​សារព័ត៌មាន​ដែល​ចុះ​ទៅ​ដល់​ទីតាំង​កើត​ហេតុ​ ស្ត្រី​វ័យ២០ឆ្នាំ​ដែល​បាន​ឃើញ​ហេតុការណ៍​និង​ថត​វីដេអូ​បាន​រៀបរាប់ថា ខណៈពេលកំពុងធ្វើក្រចកឲ្យអតិថិជន នាងបានឮសំឡេងឈ្លោះប្រកែកគ្នាចេញពីហាងកញ្ឆានៅឈមមុខគ្នា បន្ទាប់មកបានឃើញបុរសជនបរទេសរូបនោះវាយប្រហារលើបុរសម្នាក់ទៀតយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មក គេបានស្រែកឡូឡា ហើយងាកទៅវាយប្រហារលើបុរសម្នាក់ដែលជិះម៉ូតូមករកមិត្តស្រី និងបានចូលទៅទាញផ្កការបស់ស្ត្រីពិការដែលអង្គុយលក់លើរទេះរុញនៅកែងផ្លូវ ហើយដាល់ចំផ្ទៃមុខបណ្តាលឲ្យដួលធ្លាក់ពីរទេះរុញ។

បន្ទាប់មក បុរសរូបនោះនៅតែបន្តដើរទៅបង្កហេតុនៅភោជនីយដ្ឋានជិតខាង មុនពេលត្រូវពលរដ្ឋល្អជាច្រើននាក់ជួយគ្នាចាប់ឃាត់ខ្លួន ដោយត្រូវប្រើមនុស្សរហូតដល់ ៥ នាក់ ព្រោះជនបង្កហេតុមានឌុបឌាត់ធំ រួចរង់ចាំប៉ូលីសមកដល់។

ចំណែកបុគ្គលិកហាងកញ្ឆា (ម្នាក់ក្នុងចំណោមជនរងគ្រោះ) បានរៀបរាប់ថា បន្ទាប់ពីចេញពីធ្វើការ លោកបានឮសំឡេងខ្លាំងៗក៏ចុះមកមើល។ ភ្លាមៗពេលបើកទ្វារមក ត្រូវបានបុរសជនបរទេសទះចំផ្ទៃមុខខាងឆ្វេង ដោយគ្មានការនិយាយគ្នាមួយម៉ាត់ឡើយ។ ខណៈពេលដែលពលរដ្ឋល្អដែលជិះកង់ឆ្លងកាត់បានចូលមកជួយឃាត់ ក៏ត្រូវគេវាយប្រហារដែរ មុនពេលគេដើរទៅវាយប្រហារលើស្ត្រីពិការបន្ត។

បុរសជនបរទេសរូបនេះធ្លាប់មកហាងកាលពី ២ ថ្ងៃមុន ប៉ុន្តែមិនឃើញមានកាយវិការខុសប្រក្រតីអ្វីឡើយ។ ចំពោះមូលហេតុ រំពឹងថាអាចមកពីការទាស់សម្តីគ្នាជាមួយអតិថិជនម្នាក់ទៀតនៅក្នុងហាង ដែលអាចទាក់ទងនឹងរឿងសាសនា មុនពេលអារម្មណ៍ផ្ទុះឡើងខ្លាំង។ គេបានដឹងថា ជនបង្កហេតុជាជនជាតិកាតា។ លើកនេះមានអ្នករងរបួសប្រមាណ ៥ នាក់ ចំណែករូបលោកបានទៅពិនិត្យរាងកាយនៅមន្ទីរពេទ្យរួចរាល់ហើយ និងបានអះអាងថានឹងប្តឹងទាមទាររកយុត្តិធម៌ឲ្យដល់ទីបញ្ចប់។

ហេតុការណ៍បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ការបើកសេរីភាពកញ្ឆាដោយខ្វះយន្តការគ្រប់គ្រងច្បាស់លាស់ និងការប្រែប្រួលពីគោលបំណងសុខាភិបាលទៅជាកាប្រើប្រាស់ដើម្បីកម្សាន្តយ៉ាងធូររលុង បានក្លាយជាដើមហេតុបង្កជាវិបត្តិសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលអ្នកប្រើប្រាស់អាចចូលប្រើប្រាស់ដោយគ្មានដែនកំណត់ រហូតដល់បាត់បង់ម្ចាស់ការលើសតិអារម្មណ៍ វាមិនត្រឹមតែបង្កើតជាអំពើហិង្សាឥតជ្រើសមុខ និងបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់ជីវិត ទ្រព្យសម្បត្តិ និងជនងាយរងគ្រោះក្នុងសហគមន៍ប៉ុណ្ណោះទេ តែវាក៏បាន​បង្ក​ជា​ហានិភ័យយ៉ាងខ្លាំង​និង​ផល​វិបាកផ្សេងៗ សម្រាប់​សាធារណជន​ ​ផងដែរ ហើយដរាបណា​ដែល​រដ្ឋាភិបាល​លោក​អនុទិន នៅ​តែបន្ត​ដឹក​នាំ​ដោយ​ធូររលុង និង​មាន​ភាពទន់ខ្សោយ​បែបនេះផលប៉ះពាល​និង​វិបត្តិក្នុងសង្គម​ថៃ ក្ន​ុងរយៈពេល​វែងជាក់ជា​មិន​ខាន​៕

Share.