ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាក LEXUS CT200H បានឆ្លងចរន្តភ្លើង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។


ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចរង្វង់មូលគួចកាណុង ខាងគោលស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បានបើករថយន្តម៉ាក LEXUS CT200H ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-1302 ធ្វើដំណើរពីផ្លូវព្រះមុនីវង្ស បត់ឆ្ពោះទៅស្ពានជ្រោយចង្វា លុះដល់ចំណុចខាងលើ ស្រាប់តែឆ្លងចរន្តភ្លើង បណ្តាលឱ្យឆាបឆេះឡើងយ៉ាងខ្លាំង។
ភ្លាមៗនោះ ម្ចាស់រថយន្ត និងប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន ហើយបានទាក់ទងទៅសមត្ថកិច្ចឱ្យចេញរថយន្តទឹកមកជួយអន្តរាគមន៍។
បន្ទាប់មក កម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តទឹកជាច្រើនគ្រឿង មកបាញ់ពន្លត់ រហូតអគ្គិភ័យត្រូវបានគ្រប់គ្រង និងរលត់ជាស្ថាពរ។
ក្រោយពេលបាញ់ពន្លត់រួច សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះមិនបង្កឱ្យមានអ្នករងរបួស ឬបាត់បង់ជីវិតឡើយ ប៉ុន្តែបានបណ្តាលឱ្យរថយន្តខូចខាតទាំងស្រុង៕
អត្ថបទ៖ សេង សាវី

