យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃនាពេលថ្មីៗឱ្យដឹងថា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសថៃ បានចេញសេចក្ដីអំពាវនាវ និងទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ធ្វើការស៊ើបអង្កេតជាបន្ទាន់ និងដោះស្រាយឱ្យបានសមរម្យចំពោះករណីប្រើហិង្សាលើពលរដ្ឋចិន បន្ទាប់ពីទទួលពាក្យប្ដឹងជុំវិញករណីត្រូវសន្តិសុខប្រើប្រាស់ហិង្សាវាយដំលើរាងកាយជ្រុលហួសហេតុ នៅក្នុងព្រឹត្តិការណ៍ជំនួបហ្វេនតារា BL របស់ក្រុមហ៊ុន GMMTV នាទីក្រុងបាងកក។

នៅក្នុងនោះលើទំព័រផ្លូវការ Chinese Embassy Bangkok របស់ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ ក្នុងអំឡុងពេលដែលស្ត្រីជាពលរដ្ឋចិនមួយរូបបានធ្វើដំណើរមកប្រទេសថៃដើម្បីចូលរួមកម្មវិធីជំនួបហ្វេនតារា BL ហើយត្រូវបានក្រុមការងារសន្តិសុខនៅក្នុងព្រឹត្តិការណ៍ ប្រើប្រាស់កម្លាំងបាយលើសវាយដំរូបនាង ដើម្បីចាប់បង្ខំ និងអូសទាញរូបគេចេញពីទីតាំងរៀបចំកម្មវិធី ក្រោយចោទប្រកាន់ថា រូបនាងបានបំពានជួររបស់ពលរដ្ឋថៃដើម្បីឆាប់បានជួបតារា BL ។
យ៉ាងណាមិញ សាមីខ្លួនដែលជាជនរងគ្រោះក៏បានបញ្ជាក់នៅក្នុងវីដេអូផ្ទាល់ខ្លួនថា អំឡុងពេលកំពុងរង់ចាំជួបហ្វេនតារា BL របស់ក្រុមហ៊ុន GMMTV នោះ នាងបានមកតម្រង់ជួរត្រឹមត្រូវដោយមិនបានបំពាន គ្រាន់តែមេឃក្ដៅពេក ទើបនាងបានដាក់ឆ័ត្រផ្ទាល់ខ្លួនរង់ចាំជំនួសរូបនាង ដែលស្ថិតក្នុងកន្លែងរបស់នាងដូចហ្វេនជនជាតិថៃដទៃទៀតដែរ។ ប៉ុន្តែក្រោយនាងបង្ហាញខ្លួនវិញ ស្រាប់តែនាងរងការចោទប្រកាន់ថា នាងជាអ្នកមកក្រោយអ្នកដទៃទៀតហើយបានបំពានជួររបស់អ្នកដទៃដើម្បីឱ្យខ្លួនបានទៅមុខមុនគេទៅវិញ រហូតត្រូវសន្តិសុខវាយដំចាប់អូសនាងចេញក្រៅកម្មវិធីតែម្ដង។
ករណីនេះស្ថានទូតចិន ក៏បានបញ្ជាក់បន្ថែមថា ខ្លួនបានទទួលស្គាល់នូវសេចក្តីថ្លែងការណ៍របស់ភាគីអ្នករៀបចំកម្មវិធី ដែលបានទទួលស្គាល់កំហុសជាផ្លូវការថា «ពិតជាមានការប្រើប្រាស់កម្លាំងជ្រុលហួសពីស្ថានភាពជាក់ស្តែង» ទៅលើពលរដ្ឋចិនរូបនោះមែន។ ជាមួយគ្នានេះ ស្ថានទូតចិនបានស្វះស្វែងទាមទារឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃ ផ្ទៀងផ្ទាត់ការពិត និងចាត់វិធានការដោះស្រាយឱ្យបានឆាប់រហ័ស ដោយសន្យានឹងផ្តល់ជំនួយផ្លូវច្បាប់ចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន។
ពាក់ព័ន្ធនឹងជម្លោះដ៏ក្តៅគគុកនេះ ក្រុមហ៊ុន GMMTV ដែលអ្នករៀបចំកម្មវិធី បានចេញលិខិតថ្លែងការណ៍បកស្រាយជាផ្លូវការមួយ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយបានបញ្ជាក់ពីការទទួលស្គាល់កំហុស ប៉ុន្តែបែរជាមិនទទួលខុសត្រូវចំពោះផ្លូវច្បាប់ទៅវិញ។ ដោយក្រុមហ៊ុនមួយនេះបានអះអាងថា សន្តិសុខដែលបានប្រើហិង្សារូបនោះជាបុគ្គលិកជួលពីខាងក្រៅ មិនមែនជាបុគ្គលិកពេញសិទ្ធិរបស់ GMMTV នោះឡើយ។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានសម្រេចផ្អាកការងារសន្តិសុខរូបនោះភ្លាមៗ រហូតដល់ការស៊ើបអង្កេតរកការពិតត្រូវបានបញ្ចប់។
យ៉ាងណាមិញ ការដែលព្រឹត្តិការណ៍ជំនួបហ្វេនលំដាប់អន្តរជាតិដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកចូលរួមបរទេស បែរជាបណ្ដោយឱ្យមានការប្រើប្រាស់ហិង្សាយ៉ាងព្រៃផ្សៃលើអ្នកចូលរួមកម្មវិធី នោះបានស្តែងឱ្យឃើញពីភាពទន់ខ្សោយនៃប្រព័ន្ធគ្រប់គ្រងទីតាំងសាធារណៈ និងស្តង់ដារសុវត្ថិភាពទូទៅក្នុងប្រទេសថៃយ៉ាងពិតប្រាកដ។ ហោចណាស់ អាជ្ញាធរមានសមត្ថកិច្ចថៃ គួរតែបានបង្ហាញពីចំណាត់ការក្តៅ ឬការអន្តរាគមន៍ជាបន្ទាន់ភ្លាមៗក្រោយកើតហេតុ មិនមែនទាល់តែខាងស្ថានទូតចិនចេញមុខធ្វើអន្តរាគមន៍ និងទាមទារជាផ្លូវការ ទើបបញ្ហានោះត្រូវគេយកចិត្តទុកដាក់ មិនដូច្នោះតើសុវត្ថិភាពភ្ញៀវទេសចរបរទេសនឹងត្រូវបានធានាដោយយ៉ាងដូចម្ដេចបានទៅ?

