ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្ពាធទាបបន្តគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងបង្កឱ្យតំបន់ជាច្រើននៅទូទាំងប្រទេសបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តាមការព្យាករណ៍ តំបន់វាលទំនាបអាចមានភ្លៀងគ្របដណ្តប់ប្រមាណ ៣០ភាគរយ ខណៈតំបន់ខ្ពង់រាបប្រមាណ ៤០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ ត្រូវបានព្យាករថានឹងមានភ្លៀងច្រើនជាងគេ ដោយគ្របដណ្តប់រហូតដល់ ៦០ភាគរយ អមដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈរលកសមុទ្រអាចមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់មាត់សមុទ្រ និងអ្នកនេសាទ បន្តបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងស្ថានភាពរលកសមុទ្រ ក្នុងអំឡុងពេលបីថ្ងៃខាងមុខនេះ៕

Share.