ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចំនួន ២រូប នៃនាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។


យោងតាមប្រកាសលេខ ៨៧៦ ប្រក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ៖
១- វរសេនីយ៍ទោ ភូមី ភិរម្យ អត្តលេខ ៨២៣៦៨ មុខតំណែងអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។
២- វរសេនីយ៍ទោ ជាម ឃុនប្រសិទ្ធ អត្តលេខ ៥៦១៦៩ មុខតំណែងនាយរងការិយាល័យនីតិវិធី។
ប្រកាសដដែលបញ្ជាក់ថា មន្ត្រីទាំង២រូប ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃនាយកដ្ឋាននគរបាលទេសចរណ៍ រហូតដល់មានការសម្រេចជាថ្មី។
ការសម្រេចនេះធ្វើឡើងតាមសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមការកំណត់របស់ក្រសួងមហាផ្ទៃ៕

