ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងបន្តអនុវត្តក្នុងតម្លៃថ្មី ចាប់ពីម៉ោង ១រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤ ៥៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៥ ២៥០រៀលក្នុងមួយលីត្រ ខណៈរាជរដ្ឋាភិបាលបន្តចាត់វិធានការកាត់បន្ថយបន្ទុកលើអ្នកប្រើប្រាស់។


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈប្រចាំសប្តាហ៍នេះ គឺផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅទីផ្សារអន្តរជាតិ និងតំបន់ ព្រមទាំងរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជា។
ក្នុងនោះ រាជរដ្ឋាភិបាលបានបន្តអនុវត្តវិធានការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥សេនដុល្លារ ក្នុងមួយលីត្រ និងបន្ថែមការបញ្ចុះ ១សេនដុល្លារទៀត ក្នុងមួយលីត្រ ខណៈតម្លៃប្រេងនៅទីផ្សារអន្តរជាតិនៅតែមានការកើនឡើង។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបន្តទទួលបន្ទុកលើការកាត់បន្ថយបន្ទុកពន្ធ ដោយបញ្ចុះអាករពិសេស និងអាករលើតម្លៃបន្ថែមលើប្រេងឥន្ធនៈ ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តម្លៃខាងលើត្រូវអនុវត្តចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ហើយស្ថានីយលក់រាយប្រេងឥន្ធនៈនានា អាចលក់ក្នុងតម្លៃទាបជាងនេះបាន ប្រសិនបើមានលទ្ធភាព និងស្របតាមការប្រកួតប្រជែងនៅលើទីផ្សារ។
វិធានការបន្តបញ្ចុះតម្លៃប្រេងនេះ គឺជាការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះការប្រែប្រួលតម្លៃប្រេងសកល ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ច៕

