ភ្នំពេញ៖ ក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី «ការអនុវត្ដបញ្ជីត្រួតពិនិត្យបទដ្ឋានអប្បបរមានៃការផ្ដល់សេវាសំខាន់ៗក្នុងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលបានធ្វើបច្ចុប្បន្នភាព» ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Anik Palace រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ដ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមការគាំទ្រថវិកាពីស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តភាព ដំណាក់កាលទី២ (ACCESS 2) និងមានការគាំទ្របច្ចេកទេសពីភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី (UN Women)។

កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ៣៥នាក់ (ស្រី ២៣នាក់) រួមមាន ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី, ក្រុមការងារនាយកដ្ឋានការពារផ្លូវច្បាប់, និងមន្ត្រីតំណាងមកពីមន្ទីរកិច្ចការនារីខេត្ដគោលដៅចំនួន ៤ គឺ ខេត្ដកំពង់ចាម ខេត្ដសៀមរាប ខេត្ដរតនគិរី និងខេត្ដកំពង់ស្ពឺ។

គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនជំនាញរបស់មន្ត្រីដែលជាអ្នកផ្តល់សេវា ក្នុងការត្រួតពិនិត្យការអនុវត្ដការផ្ដល់សេវាចាំបាច់ ស្របតាមបទដ្ឋានអប្បបរមា ដោយប្រើប្រាស់បញ្ជីត្រួតពិនិត្យដែលបានធ្វើបច្ចុប្បន្នភាព ក្នុងការឆ្លើយតបចំពោះស្រ្ដីដែលរងគ្រោះដោយអំពើហិង្សាឱ្យកាន់តែប្រសើរឡើង៕

Share.