ភ្នំពេញ៖ វិស័យឧស្សាហកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា បានស្គាល់នូវសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់បន្ថែមទៀត ខណៈដែលក្រុមហ៊ុនជប៉ុន MinebeaMitsumi Inc. បានបង្ហាញជំហរយ៉ាងរឹងមាំក្នុងការបន្តពង្រីកទុនវិនិយោគ និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ចដ៏សំខាន់នេះ ត្រូវបានគូសបញ្ជាក់នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន MinebeaMitsumi Inc. នាវិមានសន្តិភាព។

MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ ។

ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១។ បច្ចុប្បន្ន MinebeaMitsumi មានរោងចក្រផលិតនៅរាជធានីភ្នំពេញ និងកំពុងពង្រីកការវិនិយោគដោយសាងសង់រោងចក្រថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

Share.