បញ្ហាប្រឈមនៃសង្គមថៃក្នុងយុគសម័យបច្ចុប្បន្ន កំពុងរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងវិបត្តិញៀនថ្នាំយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទប់ទល់បាន នៅពេលដែលអត្រានៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរក្នុងចំណោមយុវជនមានការកើនឡើងយ៉ាងគំហុកដូចទឹកជំនន់។ ស្ថានភាពនេះបានឈានដល់កម្រិតអាសន្ន ដោយសារក្មេងៗ និងយុវជនដែលមានអាយុក្រោម ២០ ឆ្នាំ ជាច្រើននាក់កំពុងធ្លាក់ខ្លួនទៅជាជនរងគ្រោះ និងជាអ្នកញៀនថ្នាំដោយគ្មានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពពីសំណាក់អាជ្ញាធរនោះឡើយ។

បញ្ហាអសន្តិសុខ និងភាពធូររលុងនៃការអនុវត្តច្បាប់ក្នុងប្រទេសថៃ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រតិបត្តិការចុះបង្ក្រាបមួយនាអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ។ សារព័ត៌មាន Matichon បានផ្សាយថា កម្លាំងប៉ូលិសថៃបានចុះឆែកឆេរទីតាំងក្លឹបកម្សាន្តមួយកន្លែង ដែលស្ថិតនៅក្នុង Soi Suphaphong ទីក្រុងបាងកក បន្ទាប់ពីទទួលបានរបាយការណ៍ថា ទីតាំងនោះជាប្រភពប្រមួល និងជួបជុំគ្នាយ៉ាងពពាក់ពពូនពីក្រុមយុវជនចែកចាយគ្រឿងញៀន។
នៅក្នុងប្រតិបត្តិការឆែកឆេរនោះ សមត្ថកិច្ចបានត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងធ្វើតេស្តទឹកនោមលើមនុស្សសរុប ៦៥ នាក់ដែលជាអ្នកចូលមកកម្សាន្ត និងបុគ្គលិក។ លទ្ធផលនៃការត្រួតពិនិត្យបានបកអាក្រាតពីរូបភាពអាក្រក់ស្ទើរមិនគួរឱ្យជឿនៃបទល្មើសលើកុមារ និងយុវជន ដោយក្នុងនោះប៉ូលិសថៃបានរកឃើញអ្នកចូលប្រើប្រាស់សេវាកម្មបង្កប់គ្រឿងញៀនដែលមានអាយុ ក្រោម ២០ ឆ្នាំ រហូតដល់ ៤៥ នាក់។ តាមការបែងចែកទិន្នន័យ យុវជនអាយុចន្លោះពី ១៨ ដល់ ២០ ឆ្នាំ មានចំនួន ២៩ នាក់ ខណៈដែលអ្វីដែលរឹតតែគួរឱ្យព្រួយបារម្ភបំផុតនោះ គឺគេបានរកឃើញកុមារអាយុក្រោម ១៨ ឆ្នាំ ចំនួន ១៦ នាក់ កំពុងចូលកម្សាន្តនៅក្នុងទីតាំងងងឹតមួយនេះដោយសេរី។

ការចុះបង្ក្រាបនេះ បានឈានទៅដល់ការចាប់ខ្លួនអ្នកគ្រប់គ្រងទីតាំងឈ្មោះ ថូសាផន ហៅ ប៊ី អាយុ ៣៣ ឆ្នាំ រួមជាមួយវត្ថុតាងគ្រឿងស្រវឹង ក្រដាសប្រាក់ទូទាត់ និងគណនីធនាគារ QR Code មួយចំនួន។ រូបគេត្រូវបានចោទប្រកាន់ពីបទ បើកអាជីវកម្មដ្ឋានកម្សាន្តដោយគ្មានច្បាប់អនុញ្ញាត លក់គ្រឿងស្រវឹងឱ្យបុគ្គលដែលមានអាយុក្រោម ២០ ឆ្នាំ និងការអូសទាញ ឬយល់ព្រមឱ្យកុមារប្រព្រឹត្តិខ្លួនមិនសមរម្យ មុននឹងបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលប្រាខាណូង(Phra Khanong) ដើម្បីចំណាត់ការតាមច្បាប់។
ទោះបីជាមានការចាប់ខ្លួនបែបនេះក្តី អត្ថបទព័ត៌មាននោះរិះគន់ថា នេះគ្រាន់តែជា ចំណិតតូចមួយនៃបញ្ហាគ្រឿងញៀន នៅក្នុងប្រទេសថៃតែប៉ុណ្ណោះ។ ការកើនឡើងនៃអ្នកប្រើប្រាស់ និងអ្នកញៀនថ្នាំជារៀងរាល់ថ្ងៃ ដែលភាគច្រើនជាក្មេងៗ និងយុវជនជំនាន់ក្រោយ បានឆ្លុះបញ្ចាំងពីបរាជ័យនៃការគ្រប់គ្រងគ្រឿងញៀន និងការការពារកុមាររបស់អាជ្ញាធរថៃ ដែលបណ្តោយឱ្យអាជីវកម្មខុសច្បាប់បើកទ្វារស្វាគមន៍ក្មេងៗឱ្យធ្លាក់ចូលក្នុងអន្ទាក់គ្រឿងញៀនយ៉ាងអនាធិបតេយ្យ និងគ្មានកោតក្រែងច្បាប់បន្តិចសោះឡើយ៕

