តូក្យូ៖ ហេតុការណ៍គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារភាគនិរតីនៃប្រទេសជប៉ុន បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្សារទំនើប និងរោងចក្រមួយកន្លែង ព្រមទាំងសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់។ នេះបើយោងតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីជប៉ុន អ្នកស្រី សាណាអេ តាកាអ៊ីឈិ (Sanae Takaichi) នៅថ្ងៃពុធ ទី២៩ ខែកក្កដា នេះ។

ភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយជប៉ុន បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា ក្នុងចំណោមអ្នកស្លាប់ មានស្ត្រី ២នាក់នៅក្នុងផ្សារទំនើប និង ៣នាក់ទៀតនៅទីតាំងផ្សេងៗគ្នាក្នុងតំបន់ Kumamoto ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងពីគ្រោះរញ្ជួយដីកម្រិត ៧,១រិចទ័រកាលពីថ្ងៃអង្គារ ម្សិលម៉ិញ។ លើសពីនេះ មនុស្សចំនួន ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។

ប្រភពពីរដ្ឋាភិបាលបានប្រាប់ភ្នាក់ងារសារព័ត៌មាន Kyodo ថា ផ្សារទំនើបមួយកន្លែងក្នុងទីប្រជុំជន Kashima ត្រូវបានឆាបឆេះ និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះហ្គាស បណ្តាលឱ្យបាក់រលំពិដាន និងជញ្ជាំង។ អ្នកនាំពាក្យក្រុមហ៊ុន Aeon ដែលជាប្រតិបត្តិករផ្សារទំនើបនេះ បានឱ្យដឹងថា ការផ្ទុះបានកើតឡើងបន្ទាប់ពីអតិថិជន និងបុគ្គលិកត្រូវបានជម្លៀសចេញ ខណៈមនុស្សចំនួន ៨នាក់ត្រូវបានជួយសង្គ្រោះចេញពីផ្សារទំនើប ក្នុងនោះ ៥នាក់មានរងរបួស។

បើតាមអាជ្ញាធរ និងប៉ូលិសបានឱ្យដឹងថា បុគ្គលិកមួយចំនួនត្រូវបានគេជឿថា នៅតែបន្តជាប់នៅខាងក្នុង ដោយសារក្រុមសង្គ្រោះមិនទាន់អាចស្វែងរកផ្លូវចូលប្រកបដោយសុវត្ថិភាពនៅឡើយ។

ដោយឡែក នៅឯរោងចក្រផលិតក្រដាស Nippon Paper Industries ក្នុងក្រុង Yatsushiro បំពង់ផ្សែងរោងចក្រមួយផ្នែក បានបាក់រលំ ហើយអាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា មានមនុស្សចំនួន ៩នាក់កំពុងបាត់ខ្លួន។

បើតាមការស្ទង់មតិពីវិទ្យាស្ថានអង្កេតភូគព្ភសាស្ត្រអាមេរិក (USGS) គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៤:២៧នាទីរសៀលថ្ងៃអង្គារ ក្នុងជម្រៅ ១០គីឡូម៉ែត្រ ជាមួយនឹងកម្រិត ៦,៨រិចទ័រ ប៉ុន្ដែរបាយការណ៍ក្នុងស្រុកខ្លះថាមានកម្រិត ៧,១រ៉ិចទ័រ។ គ្រោះរញ្ជួយដីនេះបានបង្កឱ្យមានអគ្គិភ័យឆាបឆេះ​ បាក់រលំអគារ ខូចខាតស្ពាន រួមទាំងការក្រឡាប់រថភ្លើងដឹកទំនិញផងដែរ។ ជាមួយគ្នា ផ្លូវថ្នល់ជាច្រើនត្រូវបានបិទ ហើយសេវារថភ្លើងល្បឿនលឿន Shinkansen ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈដែលអាកាសយានដ្ឋាន Kumamoto ត្រូវបានបិទជាច្រើនម៉ោងមុនពេលបើកដំណើរការឡើងវិញនៅល្ងាចថ្ងៃអង្គារ។

ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា កងកម្លាំងស្វ័យការពារជប៉ុនបានចាត់តាំងកងទ័ពចំនួន ៣,៦០០នាក់ និងយន្តហោះចំនួន ២០គ្រឿង ដើម្បីចុះប្រតិបត្តិការសង្គ្រោះ និងវាយតម្លៃការខូចខាតពីលើអាកាស។

សូមជម្រាបថា ប្រទេសជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយដីខ្លាំងជាងគេលើពិភពលោក ដោយសារទីតាំងស្ថិតនៅលើផ្លាកតិចតូនិចសំខាន់ៗចំនួន ៤ នៅតាមបណ្តោយ «ខ្សែក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក» ដោយប្រឈមនឹងគ្រោះរញ្ជួយដីរាប់រយលើកជារៀងរាល់ឆ្នាំ៕

ប្រភព៖ CNA

Share.