ប្រទេសឡាវបានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវការនាំចូល និងការលក់ប្រដាប់ក្មេងលេង Squishy (ដែលជាដុំប៉ុងទន់ៗសម្រាប់ច្របាច់លេង) នៅទូទាំងប្រទេស បន្ទាប់ពីអាជ្ញាធរបានព្រមានថា ប្រដាប់ក្មេងលេងទាំងនេះមួយចំនួនអាចមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ដែលប្រឈមនឹងហានិភ័យសុខភាព ជាពិសេសចំពោះកុមារ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានចេញលិខិតបង្គាប់ការកាលពីថ្ងៃទី២៨ ខែកក្កដា ដោយណែនាំដល់មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តនៅទូទាំងប្រទេស ឱ្យបញ្ឈប់ការនាំចូល និងការលក់ប្រដាប់ក្មេងលេង Squishy ដែលគ្មានការទទួលស្គាល់គុណភាព (គ្មានវិញ្ញាបនបត្រ) និងត្រូវបង្កើនការចុះត្រួតពិនិត្យតាមហាង ផ្សារ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម និងអ្នកលក់តាមអនឡាញ។

យោងតាមការជូនដំណឹងនេះ ការចុះត្រួតពិនិត្យទីផ្សារបានរកឃើញថា ប្រដាប់ក្មេងលេង Squishy នាំចូលមួយចំនួន មានផ្ទុកសារធាតុបង់សែន (benzene) លើសកម្រិតកំណត់ ដែលជាសារធាតុគីមីអាចធ្វើឱ្យរមាស់ភ្នែក ច្រមុះ និងបំពង់ក ព្រមទាំងបង្កឱ្យមានប្រតិកម្មអាលែហ្សី។ ក្រសួងក៏បានព្រមានផងដែរថា ការប៉ះពាល់សារធាតុនេះក្នុងរយៈពេលយូរ អាចបង្កើនហានិភ័យនៃជំងឺមហារីក ទោះបីជាមិនទាន់មានករណីបញ្ជាក់ច្បាស់លាស់ណាមួយដែលពាក់ព័ន្ធនឹងប្រដាប់ក្មេងលេងនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសឡាវនៅឡើយក្តី។

អាជីវកម្មទាំងឡាយណាដែលរកឃើញថាបាននាំចូល ឬលក់ប្រដាប់ក្មេងលេង Squishy ដែលគ្មានសុវត្ថិភាព នឹងត្រូវប្រឈមមុខនឹងការរឹបអូស និងកម្ទេចចោលនូវផលិតផលទាំងនោះ ការពិន័យជាប្រាក់ និងទោសទណ្ឌផ្សេងៗទៀតទៅតាមច្បាប់របស់ប្រទេសឡាវ។

ការផ្អាកនេះបានធ្វើឡើង ខណៈដែលប្រដាប់ក្មេងលេង Squishy បានត្រឡប់មកពេញនិយមសារជាថ្មីនៅក្នុងឆ្នាំ២០២៦។ ប្រដាប់ក្មេងលេងធ្វើអំពីប៉ុងទន់ៗនេះ ដែលបានបង្កើតឡើងដំបូង និងទទួលបានការពេញនិយមកាលពីឆ្នាំ២០១៧ បានកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំងជាថ្មីម្តងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ តាមរយៈបណ្តាញសង្គម TikTok និងបណ្តាញសង្គមផ្សេងទៀត ដែលវីដេអូបង្ហាញពីសំឡេងច្របាច់គួរឱ្យជក់ចិត្ត ការបើកប្រអប់ និងការរចនាសម្រាប់សន្សំទុក បានទាក់ទាញទស្សនារាប់លានដង។

នៅក្នុងប្រទេសឡាវ ប្រដាប់ក្មេងលេង Squishy បានក្លាយជាការពេញនិយមជាពិសេសក្នុងចំណោមកុមារ និងយុវវ័យ ក្នុងនាមជាប្រដាប់ក្មេងលេងបំបាត់ភាពតានតឹង (stress-relief) និងជារបស់សន្សំទុក ដោយម៉ូដថ្មីៗត្រូវ បានលក់ក្នុងរូបរាងសត្វ បង្អែម និងតួអង្គតុក្កតាមានពណ៌ស្រស់ស្អាត។

ការប្រកាសរបស់ក្រសួង បានធ្វើឡើងបន្ទាប់ពីមានការបង្ហោះជាច្រើនលើបណ្តាញសង្គមពីសំណាក់ឪពុកម្តាយ ដែលបាននិយាយថា កូនៗរបស់ពួកគេបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីលេងប្រដាប់ក្មេងលេង Squishy នេះ។

យ៉ាងហោចណាស់មានហេតុការណ៍ដាច់ដោយឡែកចំនួនបី ដែលពាក់ព័ន្ធនឹងកុមារ ដែលត្រូវបានរាយការណ៍ថាមានប្រតិកម្មមិនល្អ បន្ទាប់ពីលេងប្រដាប់ក្មេងលេង Squishy បានជំរុញឱ្យអាជ្ញាធរសុខាភិបាលបង្កើនការស៊ើបអង្កេតនៅទូទាំងប្រទេស។ ករណីទាំងនោះ ដែលត្រូវ បានរាយការណ៍ដោយគ្រួសារផ្សេងៗគ្នានៅក្នុងខែនេះ រួមមានរោគសញ្ញាដូចជា កន្ទួលលើស្បែក រលាកពងបែក រមាស់ភ្នែក ក្តៅខ្លួន និងក្អួត។ អាជ្ញាធរមិនទាន់បានបញ្ជាក់ថា តើហេតុការណ៍ទាំងនោះមានទំនាក់ទំនងគ្នាយ៉ាងណានៅឡើយទេ ប៉ុន្តែពួករងចាំកំពុងស៊ើបអង្កេតលើសុវត្ថិភាពនៃផលិតផលទាំងនេះ។ ជាមួយ​​គ្នា​នេះដែរ អាជ្ញាធរបានណែនាំដល់ឪពុកម្តាយ កុំទិញប្រដាប់ក្មេងលេង Squishy ឱ្យកូនៗលេងក្នុងអំឡុងពេលដែលការស៊ើបអង្កេតកំពុងបន្ត

ទោះបីជាក្រសួងមិនបានភ្ជាប់ករណីដែលបានរាយការណ៍ទាំងនោះ ទៅនឹងការផ្អាកនៅទូទាំងប្រទេសដោយផ្ទាល់ក៏ដោយ ប៉ុន្តែក្រសួងបានឱ្យដឹងថា បណ្តឹងរបស់អ្នកប្រើប្រាស់នាពេលថ្មីៗនេះ រួមជាមួយនឹងការចុះត្រួតពិនិត្យទីផ្សារ គឺជាមូលហេតុដែលនាំឱ្យមានចំណាត់ការនេះ។
ប្រភព៖ Laotian

Share.