ភ្នំពេញ៖ រថយន្តម៉ាក ISUZU មួយគ្រឿង បានបើករេចង្កូតជ្រុល បុកម៉ូតូ២គ្រឿង ហើយបន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវបេតុង ក្រុម៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2338 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត។ លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KP-8272 ដែលជិះគ្នា២នាក់ស្របទិស ហើយជាប់នៅក្រោមរថយន្ត ត្រូវបានអូសចម្ងាយជាច្រើនម៉ែត្រ។

បន្ទាប់មក រថយន្តបានរេចង្កូតបន្តទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I-6424 ដែលជិះគ្នា២នាក់បើកបរច្រាសទិស ហើយបន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតទ្វារ។

គ្រោះថ្នាក់នេះ បានបណ្តាលឱ្យបុរស៤នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះមានរបួសបាក់ដៃ បាក់ជើង ហើយបង្កឱ្យខូចខាតម៉ូតូ២គ្រឿង រថយន្ត១គ្រឿង និងផ្ទះប្រជាពលរដ្ឋ។

ជនរងគ្រោះ២នាក់ ត្រូវបានស្គាល់អត្តសញ្ញាណ រួមមាន ឈ្មោះ ខឹម សុខេម អាយុ២៥ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង និងដៃខាងឆ្វេង និងឈ្មោះ វ៉ាត សុយ៉ាត អាយុ១៩ឆ្នាំ រងរបួសបែកមុខ មានទីលំនៅនៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អ្នករងរបួសទាំងអស់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាបាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែងទីតាំង និងធ្វើកំណត់ហេតុ រួចយកមធ្យោបាយពាក់ព័ន្ធ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.