ព្រះសីហនុ៖ អគ្គិភ័យមួយកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី បានឆាបឆេះផ្ទះលក់ម៉ាស៊ីនត្រជាក់មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។


ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ម្ចាស់ផ្ទះមានឈ្មោះ ជាង យ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ និងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅទីតាំងកើតហេតុ។ ផ្ទះសង់ពីបេតុង ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ បានរងការខូចខាតសម្ភារមួយចំនួន។
តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ហើយភ្លើងបានឆាបឆេះរាលដាលដល់ផ្ទះតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យពីអង្គភាព៧១១ កងពលតូចលេខ៧០ ស្នងការខេត្ត និងអាវុធហត្ថខេត្ត បានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងភ្លាមៗ។ ក្នុងប្រតិបត្តិការនេះ មន្ត្រីការិយាល័យពន្លត់អគ្គិភ័យម្នាក់ បានរងរបួសដៃ៕
អត្ថបទ៖ តាតុងសែនជ័យ

