ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកបទពិសោធរបស់កម្ពុជា លើការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍកម្លាំងពលកម្ម និងការពង្រីកប្រព័ន្ធសន្តិសុខសង្គម ជាមួយគណៈប្រតិភូនៃកម្មវិធីភាពជាអ្នកដឹកនាំអាស៊ានសម្រាប់យុវជន និងអនាគតអ្នកដឹកនាំ (FLBA) របស់ប្រទេសទីម័រឡេស្តេ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធរវាងប្រទេសទាំងពីរ។


ក្នុងជំនួបនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងប្រព័ន្ធ TVET ការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ ការរៀនសូត្រផ្អែកលើការងារ (Work-based Learning) ប្រព័ន្ធអប់រំឆ្លាស់ (Dual Learning) និងការទទួលស្គាល់ជំនាញពីមុន (RPL)។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង និងតំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បានចែករំលែកពីការពង្រីកការគ្របដណ្តប់ប្រព័ន្ធសន្តិសុខសង្គម និងកម្មវិធីជំនួយសង្គម ដើម្បីផ្តល់ការការពារកាន់តែទូលំទូលាយដល់កម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។
ដោយឡែក គណៈប្រតិភូទីម័រឡេស្តេ បានបង្ហាញការចាប់អារម្មណ៍ចំពោះបទពិសោធរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យ TVET និងភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងស្នើសុំផ្លាស់ប្តូរបទពិសោធបន្ថែម ដើម្បីត្រៀមលក្ខណៈសម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៩៕

