សៀមរាប៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញការចុះបញ្ជីកម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមតាមថ្នាលឌីជីថល ដើម្បីធានាឱ្យកម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរទាំងក្នុង និងក្រៅប្រព័ន្ធ ទទួលបានការគាំពារប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។

ការលើកឡើងនេះ ធ្វើឡើងដោយឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកវេទិកាសន្ទនាស្តីពី «ឆ្ពោះទៅការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម» ដែលរៀបចំឡើងនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

វេទិកានេះមានគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិការងារ ការងារសមរម្យ និងការទទួលស្គាល់ស្របច្បាប់ដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីជនបទ យុវកសិករ កម្មករក្នុងវិស័យកសិ-ស្បៀងអាហារ បុគ្គលស្វ័យនិយោជន៍ និងសហគ្រាសធុនតូច និងមធ្យម។

ជាមួយគ្នានេះ វេទិកាក៏បានបង្កើតឱកាសឱ្យតំណាងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម លើកឡើងពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕

Share.