បាងកក៖ ដំណើរការសន្តិភាពនៅភាគខាងត្បូងប្រទេសថៃ បានធ្លាក់ចូលទៅក្នុងភាពរកាំរកូស និងភាពទាល់ច្រកសារជាថ្មី បន្ទាប់ពីប្រធានក្រុមសម្របសម្រួលសន្តិភាព និងជានាយកភ្នាក់ងារព័ត៌មានសម្ងាត់ជាតិថៃ លោក Thanat Suwannanon បានប្រកាសលុបចោល និងផ្អាកកិច្ចចរចាសន្តិភាពជាមួយក្រុមទាមទារឯករាជ្យភាគខាងត្បូងដោយគ្មានកំណត់ពេលឡើយ។ កិច្ចចរចាដែលគ្រោងជួបគ្នានៅប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ត្រូវបាត់បង់ឱកាសភ្លាមៗ បន្ទាប់ពីមានការផ្ទុះអំពើហិង្សានៅខេត្ត Narathiwat ដែលបានផ្តាច់ជីវិតទាហានឈុតខ្មៅថៃអស់ ៥នាក់។

ថ្លែងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា លោក Thanat បានរិះគន់ចំៗ និងសម្តែងការភ្ញាក់ផ្អើលចំពោះទង្វើរបស់ភាគីក្រុមទាមទារឯករាជ្យ ដោយលោកលើកឡើងថា ដំណើរការចរចាដែលកំពុងមានសញ្ញាវិជ្ជមាន ត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមនេះ។ លោកបានសង្កត់ធ្ងន់ថា ទង្វើដែលក្រុមទាមទារឯករាជ្យបង្កឡើងនៅចំពោះមុខ ខណៈក្រុមការងារបច្ចេកទេសកំពុងអង្គុយជជែកគ្នានៅខាងក្រោយនោះ គឺជាសញ្ញាបង្ហាញពីភាពច្របូកច្របល់ និងខ្វះការទទួលខុសត្រូវក្នុងការឆ្លើយតបជាមួយក្រុមការងារសម្របសម្រួលថ្មីរបស់រាជរដ្ឋាភិបាលថៃ។


លោក Thanat បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា អំពើហិង្សាដ៏សាហាវឃោរឃៅដែលបានកើតឡើងនាពេលថ្មីៗនេះ គឺជាទង្វើហួសដែនកំណត់ និងមិនអាចទទួលយកបានជាដាច់ខាត។ យើងកំពុងតែកាន់ទង់សន្តិភាព និងស្ថិតក្នុងដំណើរការចរចាស្វែងរកច្រកចេញ ប៉ុន្តែភាគីម្ខាងទៀតបែរជាជ្រើសរើសយកផ្លូវហិង្សាទៅវិញ។ ទោះបីជាក្រុមយុទ្ធជនទាំងនោះអះអាងថា ធ្វើសកម្មភាពតាមការគិតរបស់ពួកគេក៏ដោយ ប៉ុន្តែនៅពេលយើងចាប់ផ្តើមកិច្ចចរចាហើយ ការបន្តវាយប្រហារគ្នាបែបនេះ មានន័យថា កិច្ចខិតខំប្រឹងប្រែងទាំងឡាយត្រូវរលាយសូន្យ ហើយយើងត្រូវចាប់ផ្តើមរៀបចំសារជាថ្មីឡើងវិញទាំងអស់ ដោយត្រូវលុបចោលកិច្ចចរចាសន្តិភាពដែលគ្រោងធ្វើឡើងនោះចោលទាំងស្រុង។

ជុំវិញចំណាត់ការបន្ត អាជ្ញាធរថៃបានផ្ញើសារនិងសំណួរដេញដោលយ៉ាងក្តៅគគុកទៅកាន់ក្រុមទាមទារឯករាជ្យ តាមរយៈតំណាង និងភាគីពាក់ព័ន្ធ ដើម្បីបង្ខំឱ្យពួកគេបកស្រាយអំពីមូលហេតុពិតប្រាកដនៃការវាយប្រហារនេះជាមុនសិន មុននឹងអាចនិយាយដល់រឿងបន្តតុចរចា។ ដោយឡែកពាក់ព័ន្ធនឹងតួនាទីរបស់ម៉ាឡេស៊ី ថៃកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការផ្លាស់ប្តូរអ្នកសម្របសម្រួលថ្មី បន្ទាប់ពីប្រតិភូថៃ បានបោះជំហានទៅពិភាក្សាផ្លូវការនៅទីនោះរួចមក។
ទោះជាមានការរិះគន់ថា ជំហររឹងត្អឹង និងកម្លាំងយោធារបស់កងទ័ពថៃ អាចជាបន្លាមួយក្នុងដំណើរការសន្តិភាពក៏ដោយ លោក Thanat បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា កងទ័ពត្រូវតែអនុវត្តយុទ្ធសាស្ត្រការពារសន្តិសុខជាតិយ៉ាងម៉ឺងម៉ាត់ ខណៈក្រុមចរចានឹងបន្តប្រើវិធីសាស្ត្រសន្តិវិធី។ លោកក៏បានព្រមានពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅដើមខែសីហា ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់ក្រុមទាមទារឯករាជ្យ ដោយបញ្ជាក់ថា កងកម្លាំងសន្តិសុខថៃនឹងមិនបណ្តោយឱ្យមានចន្លោះប្រហោងឱ្យក្រុមនេះឆក់ឱកាសបង្កវិនាសកម្មសារជាថ្មីបានឡើយ។
ជាចុងក្រោយ លោក Thanat បានគូសបញ្ជាក់ពីអនុសាសន៍របស់នាយករដ្ឋមន្ត្រីថៃ ថា កិច្ចចរចាសន្តិភាពមិនមែនជាល្បែង ឬជាដំណោះស្រាយបណ្តោះអាសន្នភ្លាមៗ ក្រោយផ្ទុះអាវុធនោះទេ ប៉ុន្តែវាជាដំណើរការវែងឆ្ងាយដែលតម្រូវឱ្យមានការជឿទុកចិត្ត និងជ្រើសរើសពេលវេលាសមស្របបំផុត ដោយមិនអាចស្ថិតក្រោមការគៀបសង្កត់នៃអំពើហិង្សានោះឡើយ៕

