ឈៀងម៉ៃ៖ យោងតាមសារព័ត៌មានថៃបានផ្សយនាពេលថ្មីៗនេះថា ស្ថានភាពនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ កំពុងប្រឈមមុខនឹងវិបត្តិសុខាភិបាលយ៉ាងធ្ងន់ធ្ងរ ខណៈដែលចំនួនអ្នកឆ្លងមេរោគអេដស៍ បាននិងកំពុងរាលដាលយ៉ាងរហ័ស និងកើនឡើងជារៀងរាល់ថ្ងៃ រហូតរុញច្រានកំណើនអ្នកឆ្លងសរុបឱ្យកើនជិតដល់ ៣ ម៉ឺននាក់ហើយ។

តាមរបាយការណ៍បច្ចុប្បន្នភាពបានឱ្យដឹងថា នៅក្នុងខេត្តឈៀងម៉ៃ មានអ្នកឆ្លងមេរោគអេដស៍ថ្មីជាមធ្យម ២ នាក់ជារៀងរាល់ថ្ងៃឬប្រមាណ ៧២៣ នាក់ក្នុងមួយឆ្នាំ ដែលតួលេខសរុបផ្លូវការបច្ចុប្បន្នមាន ២៣,៩៤៩ នាក់។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ជាងពាក់កណ្តាលនៃអ្នកឆ្លងថ្មីទាំងអស់ គឺសុទ្ធតែជាក្រុមយុវជន និងមនុស្សពេញវ័យធ្វើការអាយុចន្លោះពី ១៥ ដល់ ២៤ ឆ្នាំ ព្រមទាំងក្រុមប្រជាជនងាយរងគ្រោះ ដូចជាពលករចំណាកស្រុក និងក្រុមជនជាតិភាគតិច។

ក្រុមអ្នកជំនាញ និងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសថៃបានចង្អុលបង្ហាញថា កត្តាដែលធ្វើឱ្យវិបត្តិនេះបន្តរីករាលដាលមិនឈប់ឈរ គឺបណ្តាលមកពីឧបសគ្គនៃប្រព័ន្ធសុខាភិបាលរដ្ឋថៃ តាំងពីការបើកផ្តល់សេវាពិនិត្យសុខភាពតែក្នុងម៉ោងរដ្ឋបាល ហើយមិនឆ្លើយតបការព្យាបាលភ្លាមៗឱ្យទាន់ពេល ជាក់ស្តែងទៅនឹងស្ថានរបស់យុវជន និងអ្នកធ្វើការពេលយប់។

បញ្ហាមួយទៀតគើតឡើងពីការរើសអើងក្នុងសង្គម ដោយការប្រកាន់យកទស្សនៈអវិជ្ជមានចំពោះអ្នកមានផ្ទុកមេរោគ រហូតធ្វើឱ្យអ្នកដែលប្រឈមហានិភ័យ និងក្រុមមនុស្សវ័យកណ្តាលមានអាយុចាប់ពី ៤០-៥០ ឆ្នាំ ភ័យខ្លាច ខ្មាសអៀន និងមិនហ៊ានទៅពិនិត្យឈាម និងបណ្ដោយឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរហួសពេលត្រូវព្យាបាល។ មួយទៀតសោត បណ្ដាលមកពីកង្វះការអប់រំសុខភាពផ្លូវភេទនៅក្នុងសាលារៀន រួមផ្សំនឹងរបាំងភាសារបស់ក្រុមពលករ និងជនជាតិភាគតិច។

យ៉ាងណាមិញដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែម អាជ្ញាធរថៃ និងអង្គការដៃគូបានជំរុញឱ្យមានការបង្កើនសេវាពិនិត្យ-ព្យាបាលរហ័ស តាមរយៈការផ្តល់ថ្នាំ Prep ដើម្បីការពារមុន និងក្រោយប្រឈម ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋថៃប្រើប្រាស់ស្រោមអនាម័យគ្រប់ពេល និងផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីលុបបំបាត់ការរើសអើង ដែលជាជញ្ជាំងរារាំងការស្វែងរកសេវាសុខាភិបាល៕

Share.