ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន ២១នាក់ ក្នុងនោះស្ត្រី ៤នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេបានលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងប្រើប្រាស់សារធាតុញៀនក្នុងប្រទេសកម្ពុជា។

ការបណ្ដេញជនជាតិវៀតណាមនេះ បានអនុវត្តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយជនជាតិវៀតណាមទាំង ២១នាក់ ត្រូវបានបញ្ជូនចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា វិធានការនេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបជនបរទេសដែលស្នាក់នៅ ឬប្រកបការងារដោយខុសច្បាប់នៅកម្ពុជា។

ជាមួយគ្នានេះ សមត្ថកិច្ចក៏នឹងបន្តស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារកិត្តិយសរបស់កម្ពុជា។

