សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណដីធ្លី គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញប្រគល់ បណ្ណដីធ្លីជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គិតមកដល់បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការវាស់វែងដីសរុបបានចំនួន ១៣,៩៥៦,៤៧៩ក្បាលដី ស្មើនឹង ១០៣ភាគរយ នៃក្បាលដីប៉ាន់ស្មាន, ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុបចំនួន ៩,៦៤១,៨៥៧បណ្ណ ស្មើនឹង ៨៦%នៃក្បាលដីសរុប និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨,៧៦៥,៤១៩បណ្ណ។
ក្នុងពិធីនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារវាស់វែងដីនេះ ត្រូវតែពន្លឿនឱ្យលឿនជាងមុន ដើម្បីជួយកាត់បន្ថយចំណាយទៅលើការដោះស្រាយបញ្ហាវិវាទដីធ្លី ដោយងាកមកបន្ថែមមន្ត្រីជំនាញ ឬអ្នកស្ម័គ្រចិត្ត ក្នុងការចុះទៅវាស់វែងឱ្យបានរហ័ស៕




អត្ថបទ៖ត្រយង
