នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ថ្លែងក្នុងពិធីនោះ សម្តេចធិបតីមានប្រសាសន៍ថា កម្មសិទ្ធិស្របច្បាប់លើដីធ្លី ជា «មូលដ្ឋាននៃជីវិត» ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែ ជាមូលដ្ឋាននៃជម្រក, មូលដ្ឋាននៃអាជីវកម្ម, មូលដ្ឋាននៃការវិនិយោគ និង ជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ ការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី គឺជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី, ការស្នើសុំឥណទានផ្លូវការ, ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញវិនិយោគ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរជូនចំពោះប្រជាពលរដ្ឋខេត្តកណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ ព្រមទាំងបានសម្តែងការវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋបាលខេត្តកណ្តាល មន្ត្រីបច្ចេកទេសក្រុមវាល, និងមន្ត្រីស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជំរុញការងារវាស់វែង និង ចុះបញ្ជីដីធ្លី ក្នុងខេត្តកណ្តាល ឱ្យបានចប់ជាស្ថាពរ។ ក្នុងអាណត្តិទី៧នេះ, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបញ្ចប់ការងារវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ គិតមកដល់ពេលនេះ យើងបានវាស់វែងក្បាលដីបន្ថែម ចំនួន ៦,៣ លានក្បាលដី ដែលនាំឱ្យការវាស់វែងក្បាលដីសរុបកើនដល់ជិត ១៤ លានក្បាលដី។ ជាមួយគ្នានេះ, យើងបានចេញបណ្ណបន្ថែមចំនួន ២,៦ លានបណ្ណ (សរុបជិត ១០ លានបណ្ណ) និងបានចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុសរុបជិត ៩ លានបណ្ណ ស្មើនឹង ៨៦% នៃក្បាលដីដែលបានបិទផ្សាយរួច។ យើងគ្រោងនឹង បញ្ចប់ការងារនេះទាំងស្រុងនៅឆ្នាំ២០២៧ ខាងមុខ។

ក្នុងវិស័យដីធ្លី, រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០២៦ និង បញ្ចប់ការចែកបណ្ណក្នុងឆ្នាំ២០២៧ ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុសាសន៍ឱ្យបន្តរៀបចំ ប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង, ការអនុវត្ត «ទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ព្រមទាំងការបង្កើតរបៀងសេដ្ឋកិច្ច។ ពិសេសសម្រាប់ខេត្តកណ្តាល, សម្តេចធិបតី បានគាំទ្រចក្ខុវិស័យក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជា «ខ្សែក្រវាត់គាំទ្រ សន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ភស្តុភារកម្ម ស្បៀង និងលំនៅឋាន» ដ៏រឹងមាំមួយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំប្រើប្រាស់ដីឱ្យអស់សក្តានុពល៕

អត្ថបទ៖ត្រយង

Share.